Update៖ អ៊ីស្រាអែល​ថា ខ្លួនមិនបានប្រល័យ​ពូជ​សាសន៍នោះទេ ពោលគឺដើម្បីការពារខ្លួនប៉ុណ្ណោះ!

អ៊ីស្រាអែលនៅថ្ងៃសុក្រ១២ ខែមករា បានច្រានចោលការចោទប្រកាន់ របស់អាហ្រ្វិកខាងត្បូង នៅចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ។
ដែលថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅហ្គាហ្សា គឺជាយុទ្ធនាការដឹកនាំដោយរដ្ឋ នៃការប្រល័យពូជសាសន៍ប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីន។

អ៊ីស្រាអែលនិយាយថា ការចោទប្រកាន់របស់ប្រទេសអាហ្វ្រិកខាងត្បូងគឺជា «បំភ្លៃការពិត» ​ហើយក៏បានអំពាវនាវឱ្យចៅក្រមបដិសេធសំណើ ដែលបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនផងដែរ ដោយនិយាយថាវានឹងធ្វើឱ្យប្រទេសនេះគ្មានការការពារខ្លួន។

អាហ្រ្វិកខាងត្បូងដែលបាននាំយកសំណុំរឿងនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិកាលពីខែធ្នូ បានស្នើសុំឱ្យចៅក្រមដាក់វិធានការបន្ទាន់ ដោយបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារភ្លាមៗ។

ទីប្រឹក្សាច្បាប់នៃក្រសួងការបរទេសអ៊ីស្រាអែល លោក Tal Baker បានប្រាប់តុលាការថា ការបកស្រាយរបស់អាហ្វ្រិកខាងត្បូងអំពីព្រឹត្តិការណ៍គឺ «បំភ្លៃទាំងស្រុង»។

លោកបានបន្ថែមថា «ប្រសិនបើមានអំពើប្រល័យពូជសាសន៍មែននោះ អ៊ីស្រាអែលទៅវិញទេដែលរងអំពើនេះ« ដោយបន្ថែមថា «ក្រុមហាម៉ាស់ស្វែងរកការប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល»។

លោក Baker បាននិយាយទៀតថា «ការរងទុក្ខដ៏គួរឱ្យរន្ធត់របស់ជនស៊ីវិល ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាលទ្ធផលដំបូង និងសំខាន់បំផុតនៃយុទ្ធសាស្ត្ររបស់ក្រុមហាម៉ាស» ដោយបន្ថែមថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។

គួរបញ្ជាក់ថា អ៊ីស្រាអែល​បាន​ចាប់ផ្តើម​សង្គ្រាម​ទាំងស្រុង​លើ​តំបន់​ហ្កាហ្សា​ បន្ទាប់ពី​ការវាយប្រហារ​ឆ្លង​ព្រំដែន​កាលពី​ថ្ងៃទី​៧ ខែតុលា ដោយ​សកម្មជន​មកពី​ក្រុម​ហាម៉ាស ដែលបានសម្លាប់មនុស្ស ១,២០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល ហើយ ២៤០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សា។

ជាការសងសឹក អ៊ីស្រាអែលបានការវាយលុកទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកផងដែរ ដោយបានសម្លាប់មនុស្សជាង ២៣,០០០ នាក់រហូតមកទល់ពេលនេះ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

Leave a Reply

Your email address will not be published. Required fields are marked *