ក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយនៅកម្ពុជា កំពុងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង..!។
បន្ទាប់ពីរដ្ឋអាជ្ញារបស់អាមេរិក បានចោទប្រកាន់អ្នកឧកញ៉ា ចេន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុនមួយនេះ ថាជាអ្នកដឹកនាំក្នុងការក្លែងបន្លំ រូបិយប័ណ្ណឌីជីថល (Crypto fraud) ដ៏ធំបំផុតមួយដែលពាក់ព័ន្ធនឹងការចាប់បង្ខំ។
ប្រភពពីសារព័ត៌មានCNA កាលពីថ្ងៃព្រហស្បតិ៍ទី16 តុលា។
ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក (DOJ) បានប្រកាសកាលពីថ្ងៃទី14 ខែតុលា ថា(អ្នកឧកញ៉ា ចេន ហ្ស៊ី) Chen Zhi អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ–អង់គ្លេស ត្រូវបានចោទប្រកាន់នៅ ទីក្រុងញូវយ៉ក ពីបទសមគំនិតក្លែងបន្លំតាមខ្សែទូរស័ព្ទ (wire fraud conspiracy) និងការលាងលុយកខ្វក់ (money laundering conspiracy)។
តាមសេចក្តីថ្លែងការណ៍របស់ DOJ បានឱ្យដឹងថា អ្នកឧកញ៉ា ចេន ហ្ស៊ី និងអ្នករួមគំនិតមិនបញ្ចេញឈ្មោះ ត្រូវបានចោទថា បានប្រើប្រាស់ជនជាតិអាស៊ីអាគ្នេយ៍រាប់ពាន់នាក់ ជាកម្មករដោយបង្ខំតាមតំបន់មួយចំនួននៅបណ្តា ប្រទេសកម្ពុជា ដើម្បីធ្វើការបោកប្រាស់វិនិយោគិនតាមអ៊ីនធឺណិត។
អាជ្ញាធរអាមេរិក អះអាងថា ប្រាក់ចំណេញ ដែលទទួលបានត្រូវបានប្រើសម្រាប់ការទិញទ្រព្យសម្បត្តិប្រណិត ដូចជា យន្តហោះឯកជន ទូកយ៉ាត និងគំនូរ Picasso។
នាយក FBI លោក Kash Patel បានបញ្ជាក់ថា មានការរឹបអូស Bitcoin ចំនួនជាង១៤ពាន់លានដុល្លារ ដែលត្រូវបានគេចោទថា ជាផ្នែកនៃសំណុំរឿងនេះ៕