(ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការស្រាវជា្រវបង្ក្រាបក្រុមក្មេងស្ទាវដេញកាប់គ្នា និងរត់គេចទៅបុករថយន្ដដឹកអ្នកដំណើរ បណ្តាលឱ្យស្លាប់ម្នាក់។
សមត្ថកិច្ចចាប់បានជនដៃដល់៤នាក់ចំណោម៦នាក់ និងត្រៀមបញ្ជូនទៅតុលាការ..!។
មន្ត្រីនគរបាលបានឱ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែមករា នេះថា កាលពីថ្ងៃទី១១ ខែមករា មានក្មេងស្ទាវ២ក្រុមដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ បង្កការភ័យខ្លាចនៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយបានរត់គេចទៅបុករថយន្ដអ្នកដំណើរ ដែលបើកបញ្ច្រាសទិស បណ្ដាលឱ្យស្លាប់ម្នាក់។
ក្រោយពីមានហេតុការណ៍ កម្លាំងនគរបាលក្រសួងមហាផ្ទៃ-នគរបាលខេត្តកំពង់ចាម និងនគរបាលរាជធានីភ្នំពេញ បានសហការស្រាវជ្រាវឈានដល់ចាប់ ជនសង្ស័យ៤នាក់ជាជនដៃដល់ក្នុងចំណោម៦នាក់នៅយប់ថ្ងៃទី១៣ ខែមករាឆ្នាំ២០២៤។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីដេញកាប់ និងវាយគ្នាបណ្ដាលឱ្យស្លាប់ និងរងរបួសធ្ងន់នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ តន បញ្ញា-ឈ្មោះ ប៉ាល យ៉ុងស៊ី-ឈ្មោះ ម៉ៅ តែម និងឈ្មោះ អាត សុខនាង។
ពួកគេមានអាយុពី១៦ដល់១៧ឆ្នាំ ទីលំនៅឃុំសំពោងជ័យ និងឃុំព្រីងជ្រុំ ស្រុកជើងព្រៃខេត្តកំពង់ចាម។
ក្រោយពីឃាត់ខ្លួននិងសាកសួររួច សមត្ថកិច្ចបាននាំជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីរៀបចំសំណុំរឿងត្រៀម បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕