Update៖ លោក សែម បូរ៉ា កំពុងដង្ហោយរកយុត្តិធម៌ ខណៈរូបលោកប្ដឹងអភិបាលស្រុកឯកភ្នំ ៧ខែហើយ ព្រះរាជអាជ្ញា មិនទាន់ចោទប្រកាន់!

(ភ្នំពេញ)៖ លោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មាន(TNM) កាលពីខែមីនា ឆ្នាំ២០២៥ បានដាក់ពាក្យបណ្ដឹងប្ដឹងលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបងពីបទ”បរិហារបង្កាច់កេរ្តិ៍”តាមមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌ ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប៉ុន្តែតុលាការ បានប្ដូរដែនសមត្ថកិច្ច ទៅសាលាដំបូងខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធី!។
ពោលគឺ បើគិតមកដល់ពេលនេះរយៈពេល៧ខែហើយ ដែលបណ្ដឹងរបស់លោក សែម បូរ៉ា នៅជាប់គាំងត្រឹមស្ថាប័នអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ដោយពុំទាន់មានការចោទប្រកាន់លើជនសង្ស័យឈ្មោះ ម៉ិល សុផល នោះទេ!។
ស្របពេលលោក សែម បូរ៉ា”ដើមបណ្ដឹង”កំពុងស្រែកដង្ហោយរកយុត្តិធម៌ ពីស្ថាប័នពាក់ព័ន្ធ។

ជុំវិញរឿងនេះលោក សែម បូរ៉ាបានប្រាប់”ដើមរាំង”ថា មូលហេតុដែលខ្លួនប្ដឹងលោក ម៉ិល សុផល គឺដោយសារឈ្មោះនេះ ប្រើអំណាចគំរាមកំហែងនិងប្ដឹងលោក សែម បូរ៉ា ទាំងគ្មានកំហុសពីបទ”ញុះញង់.បរិហារកេរ្តិ៍.ផ្សាយព័ត៌មានមិនពិត”។

ហើយបណ្ដឹងរបស់ឈ្មោះ ម៉ិល សុផល នៅពេលនោះ គឺគ្មានប្រសិទ្ធភាពឡើយ ដោយត្រូវបាន សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចទម្លាក់បទចោទលើលោក សែម បូរ៉ា ដោយផ្អែកថា លោក សែម បូរ៉ា ពុំបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់នោះទេ!។

លុះសាលដីកាសាលាឧទ្ធរណ៍បាត់ដំបង ចូលជាស្ថាពរ លោក សែម បូរ៉ា ក៏បានប្ដឹងលោក ម៉ិល សុផល បកវិញក្នុងបទៈ បរិហារបង្កាច់កេរ្តិ៍.តែម្ដងទៅ។

លោក សែម បូរ៉ា បន្តថា ដើមចបដំបូង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សារព័ត៌មានTNMរបស់ខ្លួន បានធ្វើការផ្សព្វផ្សាយ តាមសំណើពលរដ្ឋ ពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកឯកភ្នំ។
មុនពេលចុះផ្សាយTNM បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធដើម្បីឱ្យមានចម្លើយទាំងសងខាង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន…!!។

ប៉ុន្តែលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ហាក់កើតទុក្ខមិនសុខចិត្ត និងបានប្ដឹងរូបលោក ចូលតុលាការខេត្តបាត់ដំបង ដោយស្ងាត់ៗពីបទ ញុះញង់និងបរិហារកេរ្តិ៍.!។
បើតាមលោក សែម បូរ៉ា រូបលោកមិនដឹងខ្លួន និងមិនដែលបានទទួលដីកា កោះហៅឱ្យចូលបំភ្លឺ ម្ដងណាឡើយ!។

ផ្ទុយទៅវិញរូបលោក មានការភ្ញាក់ផ្អើល នៅពេលទទួលបាន សាលក្រមព្រហ្មទណ្ឌលេខ ៩៤(ជ) ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តបាត់ដំបង។
ដែលសម្រេចផ្តន្ទាទោសរូបលោក ដោយពិន័យជាប្រាក់៤.០០០.០០០(បួនលានរៀល) ចូលជាថវិការរដ្ឋ ពីបទៈ បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅលើ បណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយរងការផ្ដន្ទាទោស ទាំងមិនដឹងខ្លួនបែបនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក សែម បូរ៉ា ក៏បានប្តឹងជំទាស់នឹងការសម្រេចខាងលើ ដោយស្នើសុំឱ្យមានការសម្រេចជាថ្មី…!។

ទន្ទឹមនិងនោះ សាលាដំបូងខេត្តបាត់ដំបង បានចេញសាលក្រម លេខ ៦១៨ (ជ) ចុះថ្ងៃ ទី០៩ ខែឧសភា ឆ្នាំ២០២៤ ដោយសម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌលេខ៩៤(ជ) ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទុកជាបានការដដែល!!។

ដោយជួបរឿងហួសចិត្តបែបនេះ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោក សែម បូរ៉ា បានប្តឹងជំទាស់បន្ត ទៅសាលាឧទ្ធរណ៍បាត់ដំបង ទៀត!។

ក្នុងនោះ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង បានលើកយកសំណុំរឿងនេះ មកជំនុំជម្រះ! ដោយសាលាឧទ្ធរណ៍បាត់ដំបង សម្រេចទទួលពាក្យបណ្តឹង ឧទ្ធរណ៍ចុះថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ របស់លោក សែម បូរ៉ា ទុកជាត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់ និងបដិសេធសាលក្រម បណ្ដឹងទាស់លេខ ៦១៨ (ជ) ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តបាត់ដំបង”ចោលជាអសារបង់”និងបានសម្រេចឱ្យលោក សែម បូរ៉ា រួចផុតពីបទចោទប្រកាន់ពីបទៈ បរិហារកេរ្តិ៍ជាសាធារណៈ។

រហូតដល់ សាលដីកាសាលាឧទ្ធរណ៍បាត់ដំបង ចូលជាស្ថាពរ នៅថ្ងៃទី២៨.០៣.២០២៥ លោក សែម បូរ៉ា ក៏បានប្ដឹងលោក ម៉ិល សុផល បកវិញក្នុងបទៈ បរិហារបង្កាច់កេរ្តិ៍.ចូលអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ បានប្ដូរដែនសមត្ថកិច្ច ទៅសាលាដំបូងខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធី!។

ពោលគឺ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងក៏បានចេញដីកាកោះហៅលោក សែម បូរ៉ា ក្នុងនាមជាដើមបណ្ដឹង ឱ្យចូលបំភ្លឺរួចរាល់ហើយដែរ កាលពីថ្ងៃទី០៥.០៨.២០២៥!។

-លោក សែម បូរ៉ា អះអាងថា អំពើរបស់ឈ្មោះ ម៉ិល សុផល គឺជាចេតនាទុច្ចរិត.អាងអំណាចតួរនាទី ជាអភិបាលស្រុក..!។
មកប្ដឹងបង្កាច់កេរ្តិ៍ លើរូបលោកទាំងគ្មានបទល្មើស-ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ខាតបង់ផលប្រយោជន៍ និងពេលវេលាយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ទើបរូបលោក សម្រេច ប្ដឹងបកវិញ ដោយគ្មានការលើកលែង..!!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅថ្ងៃទី២៥.១០.២០២៥”ដើមរាំង”បានសុំការបំភ្លឺពីលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ.ដោយលោកដេញឱ្យសួរខាងតុលាការ ជំនួសវិញ។
-ចំពោះសំណួរថា តើលោកអភិបាលស្រុក បានចូលបំភ្លឺឬនៅ..?។
-ត្រង់ចំណុចនេះលោក ម៉ិល សុផល បានឆ្លើយថា ការងារខ្ញុំ គឺខ្ញុំបានធ្វើរួចរាល់អស់ហើយ!!។

រីឯលោក ដួង សារ៉ន អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង បានប្រាប់”ដើមរាំង”នៅថ្ងៃទី២៥.១០.២០២៥ថា ពាក់ព័ន្ធបណ្ដឹងរបស់លោក សែម បូរ៉ា “គឺលោក ថេង សំណាង ព្រះរាជអាជ្ញារងមិនទាន់ធ្វើសេចក្តីសម្រេចណា មួយនៅឡើយទេ”។

ក្នុងរឿងនេះលោក សែម បូរ៉ា សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងមេត្តាពន្លឿនការអនុវត្តច្បាប់ និងធ្វើការចោទប្រកាន់ជនសង្ស័យឈ្មោះ ម៉ិល សុផល តាមនីតិវិធីច្បាប់ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *