Update៖ មន្ត្រីអាជ្ញាធរជាតិអប្សរា ទាំង២នាក់ ដែលប្រើហិង្សាលើក្មេង លក់សត្វអណ្ដើក ត្រូវដោះលែងវិញហើយ!

(សៀមរាប)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន។
ទាក់ទិននិងបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត។

សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាងថា យោងការចុះផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម និងសារព័ត៌មាននានា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
មានគណនីមួយចំនួន បានធ្វើការផ្សព្វផ្សាយ នូវវីដេអូ ដែលបង្ហាញពីការប្រើប្រាស់អំពើហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៥៨ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ របស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ដែលមានជនសង្ស័យចំនួន២នាក់១៖ ឈ្មោះ សុខ សឿន ភេទប្រុស អាយុ២៣ឆ្នាំ ។
២៖ ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង ភេទប្រុស អាយុ២០ឆ្នាំ ដើម្បីចាត់ការជាសមត្ថកិច្ច។

បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាងនានា នៅក្នុងសំណុំរឿង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថា
ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៤ នីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើក នៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់
ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត។

ក្នុងអំឡុងពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែង កើតហេតុ ជនសង្ស័យឈ្មោះ សុខ សឿន និង
ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឲ្យប្រព្រឹត្តអំពើទាំងនេះ តទៅទៀត ។

ប៉ុន្តែជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ ។
ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឲ្យជនសង្ស័យទាំងពីរខាង លើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្ត អំពើហិង្សាលើជនរងគ្រោះតែម្តង។

នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថា ជាកំហុសរបស់ខ្លួន ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។
ដោយបានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។
បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្ដឹងក្នុងរឿងនេះតទៅទៀត។

មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យថា នឹងចូលខ្លួនមកវិញនៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ។
ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ ដែលត្រូវមើលថែរក្សា។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿងអយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្ករឲ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។

ផ្អែកអង្គហេតុខាងលើ តំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យជនសង្ស័យទាំង២នាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន រីឯសំណុំរឿង តំណាងអយ្យការនឹងបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *