(រតនគិរី)៖ កម្លាំងចម្រុះបានចុះបង្ក្រាបករណីដឹកឈើ ខុសច្បាប់យកមកស្តុកទុកធ្វើអាជីវកម្មក្នុងដីឡូតិ៍មួយកន្លែង ហើយម្ចាស់បានរត់គេចបាត់ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ!។
ការចុះបង្ក្រាបនេះ ធ្វើឡើង នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែមករា។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនសមត្ថកិច្ចចុះទៅដល់គំនរឈើនោះ ក្រុមឈ្មួញបានជម្លៀសឈើល្អៗ ចេញអស់ជាច្រើន។ពេលសមត្ថកិច្ចទៅដល់ ឈើនៅសល់តែ១៩សន្លឹកប៉ុណ្ណោះ ដែលជាប្រភេទឈើស្រឡៅសុទ្ធ ស្មើជាងមួយម៉ែត្រគូប(១.៦៦) និងឈើក្លុំបួនជ្រុង ប្រភេទសុក្រំចំនួន២ដុំទៀត។
ចំណែកឯម្ចាស់ឈើ បានចាក់សោរទ្វារផ្ទះ រួចរត់គេចខ្លួនបាត់អស់។
ប្រភពដដែលបានបន្តថា ឈ្មួញមានទីលំនៅផ្ទះជួលចល័ត រហូតមិនមានលំនឹងនោះឡើយ។
ប៉ុន្តែប៉ុន្មានខែមុន គឺរស់នៅទីរួមស្រុកអូរជុំ លុះចូលមកខែថ្មីឆ្នាំ២០២៤នេះ ក៏មករស់នៅផ្ទះជួលទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះ ជាកន្លែងអំណោយផល ស្ងាត់ល្អ ងាយស្រួលលក់ចេញ ទិញចូល បទល្មើសព្រៃឈើ។
គេតែងតែឃើញឈ្មួញនោះប្រមូលទិញឈើ រួចដឹកតាមម៉ូតូ ចេញពីព្រៃសហគមន៍ ព្រៃការពារ និងព្រៃអភិរក្សជីវចម្រុះ ក្នុងស្រុកវើនសៃន។
ក្រោយពីចាប់បាន វត្ថុតាងខាងលើត្រូវ កម្លាំងជំនាញព្រៃឈើ ក្រុងបានលុង យកទៅទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕