Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់ លោកស្នងការរងខេត្តកំពង់ស្ពឺ ពីបទទ្វេរពន្ធភាព!

(កំពង់ស្ពឺ)៖ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លោក ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាផ្លូវការហើយ ពីបទ ទ្វេរពន្ធភាព បន្ទាប់ពីបានសាកសួរ ពេញមួយថ្ងៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

-លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យ បានឱ្យដឹងថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ ។
ដោយបានធ្វើការចោទប្រកាន់ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រឺ ពីបទ ទ្វេរពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមមាត្រា៤ និង៩ នៃច្បាប់ឯកពន្ធភាព។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ពេលនេះសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តស៊ើបសួរលើសំណុំរឿងរបស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទទួលផែនអន្តរាគមន៍។ លោកត្រូវបានឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយា ដើមរបស់លោក។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវភរិយាដើមប្តឹង បន្ទាប់ពីលោកបានក្លែងឯកសាររៀបការជាមួយនារីម្នាក់ទៀត ។
ដែលជាអាជីវករលក់បាយនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមិនទាន់បានលែងលះដាច់ស្រេច!។
នៅក្នុងឯកសារក្លែង លោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយ ដោយលោក ហែន កន ចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ ជាមួយនារីម្នាក់ដែលជាភរិយាក្រោយដោយលោកចៅសង្កាត់កណ្តោលដុំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។
ហើយពិធីនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះខាងស្រី ក្នុងភូមិសង្កាត់ខាងលើ។

ពិធីមង្គលនេះត្រូវបានអាក់ខានវិញក្រោយរោងការគ្មានកូនកម្លោះ ខណៈដែលភ្ញៀវយ៉ាងច្រើនត្រូវបានគោរពអញ្ជើញរួចរាល់ លើកលែង តែមន្ត្រីនគរបាលនៅក្នុងអង្គភាពរួម ទាំងលោកស្នងការផងដែរដែលមិនត្រូវបានអញ្ជើញឱ្យចូលរួម។

រោងការដែលលើកឡើងយ៉ាងត្រដែតនៅលើកំណាត់ផ្លូវជាតិលេខ៤ក្នុងសង្កាត់កណ្តោលដុំ ត្រូវបានរុះរើយ៉ាងតក់ក្រហល់ទៅវិញ ក្រោយកម្លាំងជំនាញការិយាល័យប្រឆាំង
ការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនកូនកម្លោះ មកកាន់ស្នងការដ្ឋានដើម្បីសាកសួរពាក់ព័ន្ធ នឹងបណ្តឹងរបស់ភរិយាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *