(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធការ«ក្លែងឯកសារ»រៀបការប្រពន្ធថ្មី។
-ប្រពន្ធដើមរបស់លោក ង៉ាម រី គឺជាអធិការរងមួយរូបនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបញ្ជាព្រះរាជអាជ្ញា។
សូមជម្រាបថា ថ្មីៗនេះបានផ្ទុះរឿងឧត្តមសេនីយ៍ស្នងរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ ដើម្បីលួចរៀបការប្រពន្ធថ្មី។
ខណៈប្រពន្ធដើម មិនទាន់បានលែងលះគ្នាដាច់ស្រេច ហើយការរៀបការនោះ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៩.០១.២០២៤។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់ថា ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ចង់លួចរៀបការប្រពន្ធថ្មីម្នាក់ទៀត ។
ខណៈប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថា៖ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានទៅស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយ លោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ង៉ាម រី បានដាក់ពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមក ឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះនៅផ្ទះខាងស្រី ភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ។
មន្ត្រីសាលាឃុំកាហែងក៏បានបញ្ជាក់ផងដែរថា ៖ ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីររួចហើយដែរ។
ពាក់ព័ន្ធន្ធនឹងការក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មីនេះ ប្រពន្ធដើមរបស់ លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ តែលោកស្រីគ្រាន់បាននិយាយយ៉ាងខ្លីថា លោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។
ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា ៖ រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងរៀបការនោះលោកមិនបានដឹងទេ ព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរ។
ម្យ៉ាងវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាព និងជាកូនចៅផ្ទាល់របស់ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅ ឬអញ្ជើញឱ្យចូលរួមដែរ។
ចំពោះករណីនេះរូបលោកមិនអាចបកស្រាយបានដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ។
ចុងក្រោយថ្ងៃចូលរោងការ បែរជាក្លាយជាថ្ងៃសមត្ថកិច្ច នាំខ្លួនទៅតុលាការ៕