(ព្រះវិហារ)៖ គ្រឿងញៀនជាង១តោន ត្រូវបានបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីជំនាញស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់។
យោងតាមព័ត៌មានបឋម បានឲ្យដឹងថា៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ។
ខណៈឧក្រិដ្ឋជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន។
តាមព័ត៌មានបឋម កម្លាំងអាវុធហត្ថខេត្តព្រះវិហារ កំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ពាក់ព័ន្ធ ករណីរត់ពន្ធគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់បែបនេះនោះ ។
កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានបើកកិច្ចសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹវត្រែងបន្ថែមទៀតដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត តាមរយៈពន្លាតសមត្ថកិច្ចដែនដី សម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ៕