ការិយាល័យមនុស្សធម៌ របស់អង្គការសហប្រជាជាតិ(UN)បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង13,000 នាក់ត្រូវបានសម្លាប់ និង26,000 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងជម្លោះដែលកំពុងបន្ត នៅក្នុងប្រទេសស៊ូដង់ចាប់តាំងពីឆ្នាំមុន..!។
ប្រទេសស៊ូដង់ បានជាប់គាំងដោយការប្រយុទ្ធគ្នារវាងកងទ័ព ដែលដឹកនាំដោយឧត្តមសេនីយ Abdel Fattah al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពដែលកំពុងកាន់អំណាច របស់ប្រទេស និងក្រុមសកម្មប្រយុទ្ធ Rapid Support Forces (RSF) ចាប់តាំងពីខែមេសា ឆ្នាំ 2023។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សប្រហែល 7.6 លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេសស៊ូដង់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង” ។
យោងតាមការិយាល័យអង្គការសហប្រជាជាតិ ករណីសង្ស័យថាជាជំងឺអាសន្នរោគច្រើនជាង 9,700 រួមទាំងការស្លាប់ដែលពាក់ព័ន្ធចំនួន 269 នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ូដង់ គិតត្រឹមថ្ងៃទី 16 ខែមករា។
កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនលើក ដែលសម្របសម្រួលដោយអារ៉ាប៊ីសាអូឌីត និងអ្នកសម្រុះសម្រួលអាមេរិក បានបរាជ័យ ក្នុងការបញ្ចប់អំពើហិង្សា ដែលកំពុងបន្តនៅស៊ូដង់៕