Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៥,១០៥នាក់ហើយ!

ក្រសួងសុខាភិបាលហ្គាហ្សា បានឱ្យដឹងនៅថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០២៤ថាៈ ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា បានកើនឡើងលើស ២៥,០០០ នាក់ហើយ…!។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីក្រុងហ្គាហ្សា និងតំបន់ផ្សេងទៀតនៅភាគខាងជើងតំបន់ Gaza Strip នៅពេលព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២១ មករា។
ក្រុមហាម៉ាស់ ក៏បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅភាគខាងជើងផងដែរ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលហាម៉ាស បាននិយាយថា «មនុស្សរាប់សិបនាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក» ដោយបន្ថែមថា អ្នកស្លាប់និងរបួស «មិនអាចបញ្ជូនទៅមន្ទីរពេទ្យបានទេ ដោយសារតែការបាញ់ផ្លោងកាំភ្លើងធំ ដែលកំពុងបន្តលើទីក្រុង Khan Yunis និងតំបន់ Tel al-Hawa ក្នុងទីក្រុងហ្គាហ្សា»។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកម្ចាត់ភេរវករ មួយចំនួននៅទីក្រុងភាគខាងត្បូង Khan Yunis និងបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៥នាក់នៅភាគខាងជើងទីក្រុងហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ»។

គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលធ្វើឡើងដោយក្រុមហាម៉ាស់ បានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ដែលភាគច្រើនជាជនស៊ីវិល។
ការទម្លាក់គ្រាប់បែក និងការវាយលុកតាមផ្លូវគោក ដែលកំពុងបន្តរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥,១០៥ នាក់នៅក្នុងតំបន់ហ្គាហ្សា ។
ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

Leave a Reply

Your email address will not be published. Required fields are marked *