ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាក្នុងការបញ្ជូនឯកអគ្គរដ្ឋទូត របស់ពួកគេត្រឡប់ទៅកាន់ មុខតំណែងរៀងៗខ្លួនវិញ។
ដោយឆ្លុះបញ្ចាំងពីភាពប្រសើឡើងវិញ រវាងប្រទេសទាំង២ ក្រោយមានភាពតានតឹង ដោយសារ ការវាយប្រហារ ឆ្លងព្រំដែន កាលពីសប្ដាហ៍មុន។
សេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទថា “បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ វាត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមកថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរអាចត្រឡប់ទៅកាន់តំណែងរៀងៗខ្លួនវិញនៅថ្ងៃទី 26 ខែមករា ឆ្នាំ 2024″។
វាត្រូវបានប្រកាសផងដែរ នៅក្នុងសេចក្តីថ្លែងការណ៍ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាននៅថ្ងៃទី 29 ខែមករាតាមការអញ្ជើញរបស់សមភាគីលោក Jalil Abbas Jilani ។
ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានកើនឡើងកាលពីសប្តាហ៍មុន នៅពេលដែលអ៊ីរ៉ង់បានអះអាងថាបានវាយប្រហារកន្លែងលាក់ខ្លួនរបស់ភេរវជននៅក្នុងទីក្រុងព្រំដែន Panjgur ក្នុងខេត្ត Balochistan ភាគនិរតី ដែលជំរុញឱ្យទីក្រុងអ៊ីស្លាម៉ាបាដកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីក្រុងតេអេរ៉ង់។
ក្នុងរយៈពេលតិចជាង 48 ម៉ោងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ កងកម្លាំងប៉ាគីស្ថាន “បានកំណត់គោលដៅលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ” នៅក្នុងភូមិមួយក្នុងទីក្រុង Saravan នៃខេត្ត Sistan-Baluchestan ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់អ៊ីរ៉ង់ ការវាយប្រហារ បានសម្លាប់មនុស្ស 9នាក់ ដែលសុទ្ធតែជា “ជនបរទេស” ៕