ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤)។

ក្នុងឱកាសនោះសម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ កោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីជាដើមនាពេលកន្លងមក។

សម្ដេចធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត៖ ៤៥ ឆ្នាំកន្លងមកនេះ បាន បង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងត្រឹមត្រូវ។

សម្ដេចធិបតី កងទ័ពជាកម្លាំងសំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិនាពេលកន្លងមក ដែលពលិកម្មយ៉ាងធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន និងប្រទេសជាតិទាំង មូល។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍៃរហូតដល់សព្វថ្ងៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយ ដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី កំណែទម្រង់កងទ័ព ត្រូវ ផ្អែកលើស្មារតីជាតិនិយម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ។

សម្ដេចធិបតី៖ កម្ពុជានឹងកសាងសាលា ហ្វឹកហ្វឺនបន្ថែមទៀត ដោយផ្ដោតលើជំនាញរថក្រោះ កាំភ្លើងធំ និងការពារអាកាស។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានគេនោះទេ។ កម្ពុជាធ្វើទំនើបកម្មកងទ័ពដូចប្រទេសនានាដែរ។ នៅក្នុងពិភពលោក នេះ មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងសមុទ្ររាម កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ ហើយកងទ័ពកម្ពុជាក៏គ្មានមូលដ្ឋាននៅលើដែនដីប្រទេសណាមួយដែរ លើកលែងតែកងកម្លាំងចូលរួមរក្សាសន្ដិភាពក្រោមឆត្រនៃអង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *