(ភ្នំពេញ)៖ នៅថ្ងៃទី២៣.០១.២០២៤ ម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជម្រះក្ដីលើបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ក្រោយរងបណ្ដឹងពីលោកជំទាវ ឡោក ខេង ។
យ៉ាងណាក្ដី សវនាការនេះ ត្រូវតុលាការ សម្រេចលើកពេល ទៅប្រកាសសាលក្រម នៅថ្ងៃទី២៦.០១.២០២៤ខាងមុខ!។
-នេះបើយោងតាមហ្វេសប៊ុក ផែង វណ្ណៈ ដែលបានបង្ហោះ នៅយប់ទី២៣.០១.២០២៤។
ដោយបុគ្គល ផែង វណ្ណៈ បានលើកឡើងយ៉ាងដូច្នេះថា«ថ្ងៃនេះសាលាដំបូងរាជធានីភ្នំពេញកាត់ទោសខ្ញុំ ថ្ងៃ ២៦ មករា ប្រកាសសាលក្រម បេីបាត់ខ្ញុំមិនបានផ្សាយព័ត៌មានមានន័យថាខ្ញុំមានបញ្ហាទៀតហើយ🙏»។
-ការប្ដឹងផ្ដល់គ្នារវាងបុគ្គល ផែង វណ្ណៈ និងបុគ្គលដទៃទៀត ពុំមែនជារឿងចម្លែកទេសម្រាប់រូបគាត់..!
ពោលគឺ បច្ចុប្បន្នបុគ្គល ផែង វណ្ណៈ កំពុងជាប់ក្ដីក្ដាំជាច្រើន…!។
ក្នុងនោះសូម្បីមនុស្សស្រីក៏ ផែង វណ្ណៈ ប្ដឹងមិនលើកលែងដែរ ស្រពេលដែលអ្នកកាសែតជាច្រើនរូបទៀត ក៏កំពុងរងបណ្ដឹងពី ផែង វណ្ណៈ! ។
ជាក់ស្ដែងៈ បុគ្គល ផែង វណ្ណៈ បានប្ដឹងអ្នកកាសែតឈ្មោះ ប៉ូ ចាន់នី ចូលអយ្យការអមសាលាដំបូងខេត្តកណ្ដាល ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ទន្ទឹមនិងនោះ ផែង វណ្ណៈ ក៏បានប្ដឹងអ្នកកាសែតឈ្មោះ ព្រំ សាន ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
បន្ទាប់មកទៀតបុគ្គល ផែង វណ្ណៈ បានបន្តប្ដឹងអ្នកកាសែតឈ្មោះ អ៊ឹម ហាច ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ គំរាមកំហែង និងសំឡុតកុំឱ្យដាក់ពាក្យបណ្ដឹង»។
ក្នុងនោះបុគ្គល ផែង វណ្ណៈ ថែមទាំងបានប្ដឹងស្ដ្រីឈ្មោះ ខេង សុខជា ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»ទៀតផង។
-ដោយឡែកលោក អ៊ឹម ហាច ក៏បានប្ដឹងបុគ្គល ផែង វណ្ណៈ ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ គំរាមកំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល រំលោភលើលំនៅឋាន និងគំរាមកំហែងថា នឹងសម្លាប់»។
-មិនត្រឹមតែប៉ុណ្ណោះទេបុគ្គល ផែង វណ្ណៈ ក៏បានប្រកាសប្ដឹងអ្នកកាសែតឈ្មោះ ផល្លា វុទ្ធី រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀត ដោយរៀបចំបញ្ជីឈ្មោះ ប្ដឹងទាំងខ្សែ និងគ្មានការលើកលែងឡើយ….!។
សូមជម្រាបថា ដើមចមដែលនាំឱ្យកើតរឿងប្ដឹងផ្ដល់មិនចប់មិនហើយ រវាងបុគ្គល ផែង វណ្ណៈ និងមនុស្សស្រីរួមនិងបងប្អូនអ្នកសារព័ត៌មានបែបនេះ.!។
-មូលហេតុមកពីបុគ្គល ផែង វណ្ណៈ ជេរប្រមាថ មាក់ងាយមកលើបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ម្ដងហើយម្ដងទៀត..!។
ជាហេតុនាំឱ្យ បងប្អូនអ្នកសារព័ត៌មានទ្រាំមិនបាន មានប្រតិកម្មខ្លាំងក្លា ឆ្លើយតបវិញយ៉ាងផុសផុល…!។
ក្នុងនោះត្រូវបុគ្គល ផែង វណ្ណៈ ថតទុកនិងប្រមូលឯកសារភស្តុតាង រួចប្ដឹងបងប្អូនអ្នកសារព័ត៌មាន ម្ដងមួយៗ ទៅតុលាការជាបន្តបន្ទាប់ ដោយគ្មានការលើកលែង.!។
ទាក់ទិននិងបញ្ហាខាងលើ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានReply គណនីTelegram លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន» ដោយនិយាយប្រមាថថាៈ ធ្វើព័ត៌មានរបៀបការពារចោរ បំផ្លាញធម្មជាតិ ធ្វើព័ត៌មាន កុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ។
លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មាន មួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់..!។
បែរជាបុគ្គល ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។
បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News។
ដោយនិយាយប្រមាថតិះដៀលថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប។
តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត និងចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ។
បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត”រហេមរហាម”ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។
មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានធ្វើការប្រមាថ និងគំរាម ដោយមានបញ្ជាមកលើលោក ចាន់ ថន ថែមទៀត..!។
ក្រោយរងការប្រមាថដដែលៗបែបនេះ នៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ និងពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍ នៅក្រសួងព័ត៌មាន។
ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង!។
ដើម្បីកុំឱ្យបុគ្គល ជាចាងហ្វាងសារព័ត៌មានម្នាក់នេះ ធ្វើការជេរប្រមាថមាក់ងាយ មកលើបងប្អូនអ្នកសារព័ត៌មានដដែលៗតទៅទៀត ដោយជ្រកក្រោមអាជ្ញាប័ណ្ណសារព័ត៌មាន!។
ប៉ុន្តែពេលនោះបុគ្គល ផែង វណ្ណៈ បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់ នៅក្រសួងព័ត៌មាន។
ក្រោយចេញលិខិតសូមទោសហើយបុគ្គល ផែង វណ្ណៈ នៅតែបន្តជេរប្រមាថ បរិហារកេរ្តិ៍ ចោទប្រកាន់ មកលើបងប្អូនអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៀតដដែលៗ!។
ជាក់ស្ដែងៈ អ្នកកាសែតចុះយកព័ត៌មាន ហើយមានទំនាស់.បែរជាបុគ្គល ផែង វណ្ណៈ ចោទថា”ពួកគាត់ទៅជំរិតទារលុយពីគេ”។
ការចោទប្រកាន់បែបនេះ ជាមូលហេតុ បណ្ដាលឱ្យជេរគ្នាផ្អើល ពេញបណ្ដាញសង្គម ប្ដឹងទៅប្ដឹងមក នៅតុលាការខេត្តកំពង់ចាម រវាងបុគ្គល ផែង វណ្ណៈ និងមនុស្សស្រី រួមនិងអ្នកសារព័ត៌មានឈ្មោះ អ៊ឹម ហាច.!។
លើសជាងនេះទៀត នៅថ្ងៃទី១៩.១១.២០២៣ បុគ្គល ផែង វណ្ណៈ បានបន្តជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទៀតថា«ពួកអាថោកទាបអស់នេះវាចង់ល្បី វាតោងកន្ទុយរបស់ ផែង វណ្ណៈ ដើម្បីឱ្យផេកពួកវាបានល្បីប៉ុណ្ណោះ វាធ្វើកាសែត រកតែបាយស៊ី មិនចង់បានផង»។
ការជេរប្រមាថពីសំណាក់ ផែង វណ្ណៈ មកលើបងប្អូនអ្នកសារព័ត៌មានដដែលៗ មិនចប់មិនហើយបែបនេះ!។
មជ្ឈដ្ឋានខាងក្រៅ រួមនិងបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ទាមទារឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើបុគ្គល ផែង វណ្ណៈ កុំមានការលើកលែងឱ្យសោះ ស្របពេលដែល ផេង វណ្ណៈ ជាប់ក្ដីក្ដាំជាច្រើននៅតុលាការ៕