លោក Jurgen Klopp បានប្រកាសថាគាត់នឹងចុះចេញពីតំណែងជាអ្នកចាត់ការក្រុមហង្សក្រហម Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយនិយាយថាគាត់ “អស់ថាមពល”ហើយ។
លោក Klopp បាននិយាយកាលពីថ្ងៃសុក្រអំពីការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ថា “ខ្ញុំអាចយល់បានថា វាជាការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សជាច្រើននៅក្នុងពេលនេះ នៅពេលដែលអ្នកបានលឺវាជាលើកដំបូង” ។
គ្រូបង្វឹកវ័យ 56 ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំស្រលាញ់អ្វីៗគ្រប់យ៉ាងអំពីក្លឹបនេះ ខ្ញុំស្រលាញ់អ្វីៗទាំងអស់អំពីទីក្រុងនេះ ខ្ញុំស្រលាញ់អ្វីៗទាំងអស់អំពីអ្នកគាំទ្ររបស់យើង ខ្ញុំស្រឡាញ់ក្រុម ខ្ញុំស្រឡាញ់បុគ្គលិក ខ្ញុំស្រឡាញ់អ្វីៗគ្រប់យ៉ាង” ។
“ការដែលខ្ញុំនៅតែទទួលយកការសម្រេចចិត្តនេះ ប្រហែលជាបង្ហាញអ្នកថា ខ្ញុំជឿជាក់ថាវាគឺជាការសម្រេចចិត្តដែលខ្ញុំត្រូវតែទទួលយក។ វាគឺថាខ្ញុំ – តើខ្ញុំអាចនិយាយរឿងនេះដោយរបៀបណា? – ថាខ្ញុំអស់ថាមពល។
គួរជម្រាបថា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បានចូលរួមជាមួយ Liverpool ក្នុងខែតុលា ឆ្នាំ 2015 ហើយបានឈ្នះពានរង្វាន់ Champions League, Premier League, Club World Cup, FA Cup, League Cup និង Super Cup ព្រមទាំង Community Shield ក្នុងអំឡុងពេលដែលគាត់ដឹកនាំ។
មុនពេលចូលរួមជាមួយ Liverpool លោក Klopp គឺជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់អាល្លឺម៉ង់ Borussia Dortmund ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Bundesliga ក្នុងឆ្នាំ 2011 និង 2012 ៕