ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន១៨៣នាក់ បានស្លាប់ និង៣៧៧នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈដែលអ៊ីស្រាអែល បន្តការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប..!។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា “ការកាន់កាប់របស់អ៊ីស្រាអែលបានប្រព្រឹត្តការសម្លាប់រង្គាលចំនួន19 ប្រឆាំងនឹងគ្រួសារ នៅតំបន់ហ្គាហ្សាស្ទ្រីបដោយបានធ្វើឱ្យទុក្ករបុគ្គលចំនួន 183 នាក់ និង 377 នាក់បានរងរបួសក្នុងរយៈពេល 24 ម៉ោងកន្លងមក” ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជាមួយនឹងការបាត់បង់ជីវិតចុងក្រោយរបស់ប៉ាឡេស្ទីន ចំនួនអ្នកស្លាប់ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ 26,083 នាក់ និង 64,487 នាក់ផ្សេងទៀតបានរងរបួស។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា ដែលទីក្រុង Tel Aviv និយាយថាបានសម្លាប់មនុស្សជិត 1,200 នាក់។
ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ។
ខណៈពេលដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕