(ព្រះវិហារ)៖ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ហើយបានបញ្ជូនទៅតុលាការ កាលពីល្ងាចថ្ងៃទី២៦ ខែមករា។
មន្ត្រីអាវុធហត្ថស្រុកជាំក្សាន្ត បានឱ្យដឹងថា ក្រោមបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ជាមួយអាវុធហត្ថស្រុកគូលែន បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់។
ជនសង្ស័យឈ្មោះ សោម រដ្ឋា អាយុ៣៣ឆ្នាំ ជាមុខសញ្ញាចែកចាយគ្រឿងញៀនប្រចាំស្រុកជាំក្សាន្តនិងស្រុកគូលែន។
សមត្ថកិច្ចចាប់តាមដីការលេខ៧០ ត.ព្រ/២២ចុះថ្ងៃទី៤ខែតុលាឆ្នាំ២០២២ ចេញដោយចៅក្រមតុលាការាខេត្តព្រះវិហារ។
ក្នុងកិច្ចប្រតិបត្តិការមួយនេះលោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឱ្យអ្នកសារព័ត៌មានដឹង កាលពីល្ងាចថ្ងៃទី២៦ ខែមករាថា ក្រោយពីឃាត់ខ្លួនជនជាប់ចោទខាងលើកម្លាំងបានដកហូតវត្ថុតាងមួយចំនួន។
ក្នុងនោះកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម-គ្រាប់កាំភ្លើងខ្លី៦គ្រាប់-គ្រឿងញៀនប្រភេទម៉ាទឹកកក៧កញ្ចប់-ទូរសព្ទ២គ្រឿង។
លុះថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤ លោកក៏បានបញ្ជាកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ា ឈូករ័ត្ន អាយុ៤៧ឆ្នាំអ្នករត់តាក់ស៊ី។
ស្នាក់នៅភូមិស្រអែមត្បូង ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទី២ សមត្ថកិច្ចដកហូតវត្ថុតាំង ទូរស័ព្ទ២គ្រឿង ហើយរសៀលថ្ងៃដដែល ។
សមត្ថកិច្ចបន្តឃាត់ខ្លួនសង្ស័យទី៣ ឈ្មោះគង់ រ៉ូ អាយុ៣១ឆ្នាំស្នាក់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ជាមួយទូរសព្ទ១គ្រឿង។
ក្រោយពីឃាត់ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាំង កម្លាំងអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះវិហារដើម្បីចាត់ការតាមច្បាប់៕