(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម និងព្រែកប្រា ត្រៀមនឹងបើកការដ្ឋានសាងសង់នៅខែក្រោយនេះ។
ស្ពានដែលគ្រោងសាងសង់ ឆ្លងកាត់ទន្លេបាសាក់នោះ ស្ថិតត្រង់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មានថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតគណៈកម្មការរួចហើយ។
ដើម្បីត្រៀមរៀបចំសម្ពោធ បើកការដ្ឋានសាងសង់ នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤។
ពិធីនោះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយនឹងត្រៀមខួងសរសរគ្រឹះទី១ ត្រើយខាងកើតនៅចុង ខែមករា២០២៤។
អ្នកនាំពាក្យបានឱ្យដឹងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ជាស្ពានទី៦ ចំណោមស្ពានដែលបានសាងសង់រួច។
ស្ពានឆ្លងកោះពេជ្រ-កោះនរា-ស្ពានព្រះមុនីវង្សទាំង២-ស្ពានសំរោង-ស្ពានកោះអន្លង់ចិន-ស្ពានកោះធំ និងកំពុងសិក្សាមួយទៀតភ្ជាប់ផ្លូវជាតិលេខ២៣។
គួរបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេ បាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើ ស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។
ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាព នៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ-ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងជួយពន្លឿនការអភិវឌ្ឍនៅតំបន់នោះទៀតផង៕