អ៊ីស្រាអែល វាយឆ្មក់ចូលមន្ទីរពេទ្យ ដ៏ធំបំផុតរបស់ហ្គាហ្សា ដើម្បីបង្ក្រាបក្រុមហាម៉ាស! 

កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃពុធ ទី១៥​ ខែវិច្ឆិកានេះ បានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយនៅក្នុងមន្ទីរពេទ្យធំជាងគេ បំផុតក្នុងតំបន់ហ្កាហ្សា។ ដោយមានគោលដៅលើទីបញ្ជាការរូងក្រោមដីរបស់ក្រុមហាម៉ាស មានទីតាំងស្ថិតនៅក្រោមមន្ទីរពេទ្យនេះ ជាមួយការជំរុញឱ្យ ក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់។

ប្រតិបត្តិការវាយឆ្មក់របស់អ៊ីស្រាអែល កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃថាមន្ទីរពេទ្យ Al-Shifa ត្រូវតែស្ថិតនៅក្រោម ការការពារ។
យោធាអ៊ីស្រាអែលបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ផ្អែកលើព័ត៌មានសម្ងាត់ និងប្រតិបត្តិការពិសេសមួយ កងកម្លាំងការពារជាតិអ៊ីស្រាអែល IDF បានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយប្រឆាំងនឹងក្រុមហាម៉ាស នៅតាមទីតាំងជាក់លាក់ ក្នុងមន្ទីរពេទ្យ Al-Shifa»។

សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាក្រុមហាម៉ាសបានប្រើប្រាស់មន្ទីរពេទ្យ Al Shifa ដើម្បីធ្វើប្រតិបត្តិការយោធារបស់ខ្លួន ។
ខណៈ សហរដ្ឋអាមេរិកក៏បានអះអាងដូចគ្នានេះដែរថាមន្ទីរពេទ្យមួយនេះអាចមានស្ដុកអាវុធដែលនេះជាទង្វើអាចត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។
ក៏ប៉ុន្តែ ក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាលោក ចូ បៃដិនជាអ្នកទទួលខុសត្រូវទាំងស្រុងលើ ប្រតិបត្តិការរបស់អ៊ីស្រាអែល។

គួរបញ្ជាក់ថា បើតាមការវាយតម្លៃថ្មីមួយរបស់ UN មានអ្នកជំងឺ បុគ្គលិក និងជនភៀសខ្លួនយ៉ាងហោច ២,៣០០នាក់ កំពុងជាប់នៅក្នុងមន្ទីរពេទ្យ Al Shifa ហើយសាក្សីជាច្រើនបានរៀបរាប់ថាស្ថានភាពនៅខាងក្នុងមន្ទីរពេទ្យនេះគួរឱ្យរន្ធត់ដោយពួកគេបានឃើញគ្រូពេទ្យធ្វើការវះកាត់អ្នកជំងឺ ដោយមិនមានថ្នាំស្ពឹក៕

Leave a Reply

Your email address will not be published. Required fields are marked *