(មណ្ឌលគិរី)៖ ពលរដ្ឋសហគមន៍”ជនជាតិដើមភាគតិច”នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី..!។
នៅតែបន្តអះអាងថា បុគ្គលឈ្មោះ អឿន ម៉ៅ រួមនិងបក្ខពួក បានទន្ទ្រានចាប់យកដីព្រៃសហគមន៍រាប់សិបហិកតា ដើម្បីលក់ដូរជាហូរហែ..!។
ដោយថែមទាំង ប្រើអំណាចឥទ្ធិពលបក្ខពួកខ្លួន រំលោភយកដីអាស្រ័យផល របស់បងប្អូនជនជាតិដើមភាគតិច មកលក់ផ្ដាច់ឱ្យទៅអ្នកផ្សេង យ៉ាងអនាធិបតេយ្យក្រោមហេតុផលថា«ដីរបស់មេ»។
-ករណីនេះលោក អឿន ម៉ៅ បុគ្គលដែលរងការចោទប្រកាន់ បានបដិសេធចោល!។
ពាក់ព័ន្ធជម្លោះខាងលើ នៅថ្ងៃទី៣០.០១.២០២៤ លោក សុវិន ហ៊ួន ប្រធានសហគមន៍ តំណាងឱ្យសហគមន៍ជនជាតិដើមភាគតិច.បានប្រាប់«ដើមរាំង»ថា ដើមចមដំបូង ដីទំនាស់ត្រង់ចំណុច អន្លុងចេក រួមនិងចំណុចផ្សេងទៀត ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺជាដីព្រៃសហគមន៍ របស់ជនជាតិដើមភាគតិច..!។
ដែលពួកគាត់អាស្រ័យផល តគ្នាតាំងពីដូនតាមកម្ល៉េះ ។
ទន្ទឹមនិងនោះ ឈ្មោះ អឿន ម៉ៅ បានដើរចាប់ដីព្រៃ និងដីសហគមន៍ជនជាតិដើមភាគតិច យកលក់ជាហូរហែ បណ្ដាលឱ្យកើតជម្លោះខ្លាំងក្លា ជាមួយពលរដ្ឋសហគមន៍។
ជាក់ស្ដែង កន្លងមកឈ្មោះ អឿន ម៉ៅ តែងតែធ្វើទុក្ខបុកម្នេញ សព្វបែបយ៉ាង មកលើបងប្អូនជនជាតិដើមភាគតិច..!។
ដូចជាសំឡុត គំរាមកំហែង ឬហៅទាហានមកឃាត់ឃាំងពលរដ្ឋ ដែលកំពុងអាស្រ័យផលលើដីរបស់ខ្លួន!។
ពោលគឺ ឱ្យតែពលរដ្ឋណា ដែលកាន់កាប់ដីត្រង់ចំណុចខាងលើ ដោយមិនបានទិញពីឈ្មោះ អឿន ម៉ៅ ប្រាកដណាស់ នឹងរងការបំភិតបំភ័យ.ចាប់ចង គ្មានឈប់ឈរនោះទេ..!។
លោក សុវិន ហ៊ួន បន្តទៀតថា ដីព្រៃសហគមន៍ នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ត្រូវបានឈ្មោះ អឿន ម៉ៅ ទន្ទ្រានកាន់កាប់ និងរំលោភយកលក់ អស់រាប់ពាន់ហិកតា មិនតែប៉ុណ្ណោះលក់ទាំងដី ពលរដ្ឋ ដែលគេមានម្ចាស់ត្រឹមត្រូវទៀតផង..!។
ដោយឡែក ពលរដ្ឋខ្លះដែលបានទិញដីពីឈ្មោះ អឿន ម៉ៅ ហើយនោះ ក៏ត្រូវបាត់ទំហំផងដែរ ដូចជាទិញ១០ហិកតា ទទួលបានដីជាក់ស្ដែង ត្រឹមតែ០៧ហិកតា..!។
ទាំងនេះ ជាមូលហេតុដែលបង្កទំនាស់យ៉ាងក្ដៅគគុក រហូតប្ដឹងសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរស្រុកកោះញែក រួមនិងរដ្ឋបាលខេត្តមណ្ឌលគិរី ។
-ប៉ុន្តែមិនមានដំណោះស្រាយទាល់តែសោះ.! ធ្វើឱ្យពលរដ្ឋអស់សង្ឃឹម ថែមមួយកម្រិតទៀត..!។
បើតាមការបញ្ជាក់ពី សហគមន៍ជនជាតិដើមភាគតិច រាល់ការទិញលក់ដីព្រៃសហគមន៍ ពីសំណាក់ឈ្មោះ អឿន ម៉ៅ នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។
គឺឯកសារខ្លះ គាត់ផ្ដិតមេដៃលក់ផ្ដាច់ ឯខ្លះទៀត ប្រើរូបភាពបញ្ជាក់ព្រំប្រទល់ និងបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី ពីអាជ្ញាធរភូមិ-ឃុំ….!។
ពាក់ព័ន្ធករណីនេះ នៅព្រឹកទី៣០.០១.២០២៤ លោក អឿន ម៉ៅ បានថ្លែងប្រាប់«ដើមរាំង»ថា រាល់ការចោទប្រកាន់ខាងលើ សុទ្ធតែជារឿងមិនពិត!។
លោក អឿន ម៉ៅ បន្តថាលោក សុវិន ទួន និងលោក សុវិន ហ៊ួន ប្រធានសហគមន៍ជាបងប្អូននិងគ្នា ។
រីឯរូបលោកជាកូនធម៌ របស់លោក សុវិន ទួន និងជាអ្នកចាត់ចែងរៀបចំដីនៅតំបន់នោះ…!។
បើតាមលោក អឿន ម៉ៅ ការរៀបចំដីដំបូងលោក សុវិន ហ៊ួន ក៏បានដឹងដែរ ប៉ុន្តែមិនតវ៉ាឬប្ដឹងផ្ដល់អ្វីទេ លុះពេលនេះស្រាប់តែបង្កើតរឿងប្ដឹងផ្ដល់ទៅវិញ? !។
រីឯលោក ប៉ិល ឌិត មេឃុំរយ៉ បានលើកឡើងថា.រូបលោកពុំបានដឹងទេពាក់ព័ន្ធទំនាស់ខាងលើ! ។ចំណែកលោក ឌឹម នី អភិបាលស្រុកកោះញែក.ទូរស័ព្ទចូលហើយគ្មានអ្នកទទួល!។ជាមួយគ្នានោះលោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានថ្លែងថា រដ្ឋបាលខេត្ត បានចាត់គណៈកម្មការ ដើម្បីចុះដោះស្រាយហើយ.!។
ប៉ុន្តែពុំទាន់មានរបាយការណ៍ បញ្ជាក់ត្រឡប់មកវិញទេ!
ពោលគឺ មានតែសេចក្ដីរាយការណ៍(បឋម)ផ្ទាល់មាត់ប៉ុណ្ណោះ!។
ទាក់ទិនបញ្ហាខាងលើ ពលរដ្ឋ”ជនជាតិដើមភាគតិច”នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក បញ្ជាក់ថា រាល់ថ្ងៃនេះពួកគាត់កំពុងរង់ចាំដំណោះស្រាយ ពីអាជ្ញាធរខេត្តមណ្ឌលគិរី យ៉ាងអន្ទះសាបំផុត ខណៈបណ្ដឹងពួកគាត់ត្រូវអាជ្ញាធរ ផ្អឹបទុកជិត១ឆ្នាំហើយ។
បើតាមសហគមន៍ជនជាតិដើមភាគតិច ប្រសិនបើ រដ្ឋបាលខេត្តមណ្ឌលគិរី នៅតែគ្មានដំណោះស្រាយទៀតនោះ..!។
ពួកខ្លួន នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនខានឡើយ៕