ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសហ្ស៊កដានី ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិក ៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron បានស្តីបន្ទោសក្រុមគាំទ្រដោយអ៊ីរ៉ង់សម្រាប់ការវាយប្រហារកាលពីថ្ងៃអាទិត្យនៅជិតព្រំដែនជាមួយស៊ីរី។
លោក Nasser Kanaani និយាយថា “ដូចដែលយើងបញ្ជាក់យ៉ាងច្បាស់ពីមុនមកអ៊ីចឹង ក្រុមអ្នកតស៊ូក្នុងតំបន់ កំពុងឆ្លើយតបនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ ពួកគេមិនទទួលបញ្ជាពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទេ។ ក្រុមទាំងនេះសម្រេចចិត្ត និងធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ និងអាទិភាពរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ពួកគេប៉ុណ្ណោះ”។
ការបំភ្លឺនេះធ្វើឡើង បន្ទាប់ពីចលនាតស៊ូឥស្លាម មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើតំបន់ Tower 22 ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនហ្ស៊កដានី-ស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ មុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដាក់ការសង្ស័យទង្វើនេះជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ ខណៈមានអ្នកនយោបាយអាមេរិកជាច្រើនរូបទៀត បានស្តីបន្ទោសទីក្រុងតេហេរ៉ង់ដោយផ្ទាល់តែម្តង ហើយក្រោយមក លោកបានចេញសេចក្តីថ្លែងការណ៍ ដោយប្តេជ្ញាសងសឹកចំពោះការបាត់បង់ជីវិតរបស់ទ័ពអាមេរិក។
តាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក, ក្រៅពីអ្នកស្លាប់ ក៏មានទាហាន២៥នាក់ទៀតរងរបួសដែរ ក្នុងការវាយប្រហារនេះ។
សូមជម្រាបថា ហេតុការណ៍នៅហ្ស៊កដានី ក៏កើតឡើងផងដែរចំពេលក្រុមសកម្មប្រយុទ្ធ Shia ក្នុងតំបន់ ប្តេជ្ញារួមដៃជាមួយប៉ាឡេស្ទីន និងទាមទារឲ្យអ៊ីស្រាអែល បញ្ចប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា។
មិនត្រឹមប៉ុណ្ណឹង ក្រុមហេសបូឡា នៅប្រទេសលីបង់ ក៏បាញ់រ៉ុកកែត និងកាំភ្លើងត្បាល់ជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល ខណៈក្រុមហ៊ូធីរបស់យេម៉ែនឯណោះវិញ ក៏បាញ់មីស៊ីលនិងបង្ហោះដ្រូន វាយប្រហារកប៉ាល់ពាណិជ្ជករ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមផងដែរ។
ដោយសារតែរឿងនេះហើយ ទើបសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចាប់ផ្តើមបើកការវាយប្រហារលើគោលដៅក្រុម ហ៊ូធី ក្នុងប្រទេសយេម៉ែននៅថ្ងៃទី ១២ ខែមករា ដោយលើកឡើងពីភាពចាំបាច់ដើម្បីការពារផ្លូវដឹកជញ្ជូនអន្តរជាតិ៕