ប្រទេសស្លូវ៉ាគី ប្រកាសឈប់ផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែន!

រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliniak បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា ប្រទេសរបស់លោក នឹងលែងផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់ អ៊ុយក្រែនទៀតហើយ។

ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារទី១៤ខែវិច្ឆិកាថា “លោករដ្ឋមន្ត្រី Kaliniak បានជួបជាមួយអគ្គលេខាធិការណាតូលោក Stoltenberg ។
ដើម្បីជូនដំណឹងអំពីការបញ្ចប់ជំនួយយោធាដល់អ៊ុយក្រែន ដែលបានយកចេញពីឃ្លាំងនៃកងកម្លាំងប្រដាប់អាវុធស្លូវ៉ាគី”។

ទោះបីជាយ៉ាងណា ស្លូវ៉ាគី នៅតែបន្តផ្តល់ឲ្យអ៊ុយក្រែននូវជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេសដដែល ពោលគឺឈប់ផ្តល់តែជំនួយយោធាប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងជំនួយយោធានេះដែរ ប្រទេសបារាំងក៏ទើបតែប្រកាសឲ្យអ៊ុយក្រែន ត្រូវចំណាយលុយទិញអាវុធវិញ ដោយឈប់បញ្ជូនទៅទទេៗហើយផងដែរ ។

រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយកាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថា រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ហើយជំនួសមកវិញ នឹងឲ្យទីក្រុងកៀវ ទិញអាវុធដោយផ្ទាល់ពីក្រុមហ៊ុនផលិតរបស់ប្រទេសនេះ តាមរយៈមូលនិធិគាំទ្រ។

មន្ត្រីខាងលើបាននិយាយក្នុងបទសម្ភាស ជាមួយទូរទស្សន៍ LCI ថា “ឥឡូវនេះ យើងកំពុងចរចាជាមួយសហការីអ៊ុយក្រែនរបស់យើង ។
ដើម្បីជំរុញឲ្យពួកគេទិញកាំភ្លើងធំថ្មី ដោយប្រើប្រាក់ពីមូលនិធិពិសេស ដូច្នេះយោធាបារាំងនឹងលែងមានការបញ្ជូនកាំភ្លើង ចេញពីឃ្លាំងរបស់ខ្លួនទៀតហើយ”។

លោក Lecornu កត់សម្គាល់ថា គិតត្រឹមពេលនេះ ជំនួយយោធាបារាំងដែលផ្ដល់ឲ្យអ៊ុយក្រែន បានឈានដល់ ៣.២ ពាន់លានអឺរ៉ូ (៣.៤ ពាន់លានដុល្លារ) រួចទៅហើយ ។
ចំនួន​នេះ​ ​ធ្វើ​ឲ្យ​បារាំង​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រធំៗរបស់អ៊ុយក្រែននៅ​អឺរ៉ុប​ រួម​ជាមួយ​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស៕

Leave a Reply

Your email address will not be published. Required fields are marked *