សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤!

(ភ្នំពេញ)៖ នៅព្រឹក​ទី៣១ ខែមករា​ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើ​ទស្សន​​ទានគោលចំនួន៤រួមមាន៖
ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូល​ដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស
ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែម​ប្រកប​ដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។

ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។
សម្តេចបានមានប្រសាសន៍ទៀតថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។

សម្តេចបានថ្លែងទៀតថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុង​ខេត្តព្រះសីហនុ​ឆ្នាំ២០២៤ ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ ដូច្នេះហើយបានរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយតម្លៃឡូជីស្ទីក និងការស្តារវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងជួយដល់ការវិនិយោគ និងបញ្ហានៅតំបន់ដទៃបាន។ ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ។
កម្ពុជាកំពុងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលសម្រាប់តែអ្នកវិនិយោគមកពីប្រទេសតែមួយ។
កម្ពុជាត្រូវរៀបចំគោលនយោបាយ និងលក្ខខណ្ឌវិនិយោគឱ្យសមស្រប និងបត់បែនទៅតាមការចង់បានរបស់អ្នកវិនិយោគ។

នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើចំណុចសំខាន់ៗ៖
១) សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
-ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល៣ឆ្នាំបន្ថែម។
– ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់ បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង។

– ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល៥ឆ្នាំ។
– ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល។
– ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដីចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់។

– ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់
– ការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់
– ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។

– ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ។
– ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។

២) សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីគម្រោងវិនិយោគ ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
– ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និង ធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។

– ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃ សេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្ដព្រះសីហនុ។
– ការផ្ដល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល៣ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និង សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ពន្ធដារ។
– ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និង មធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក។

៣) សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
– ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច។

– ការផ្ដល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យជាដើម ដល់សហគ្រាសដែលអនុវត្តគម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច។
– ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើក ទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធ លើប្រាក់ចំណូល។
– ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល៣ឆ្នាំ ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀថា ដើម្បីឱ្យខេត្តព្រះសីហនុ រក្សាបានការទាក់ទាញ សន្តិសុខជាកត្តាដែលត្រូវគិតគូរ បើគ្មានសន្តិសុខមិនអាចទៅមុខបាននោះទេ។
សម្តេចបន្តថា ប្រទេសមហាអំណាចខ្លះ មានចោរឆក់ច្រើនជាងនៅភ្នំពេញ ទៀត ប៉ុន្តែការផ្សព្វផ្សាយមួយចំនួនមិនឆ្លើយតបតថភាពពិតនៅកម្ពុជា។ ការផ្សព្វផ្សាយដែលមានប្រសិទ្ធភាព គឺការផ្សាយពីមាត់មួយ ទៅមាត់មួយ។

សម្តេច បានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ យកចិត្តទុកដាក់លើសន្តិសុខ ជាពិសេសគ្រឿងញៀន ហើយនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យបិទទីតាំងជួលបាញ់កាំភ្លើងក្នុងខេត្តព្រះសីហនុ ហើយមិនអនុញ្ញាតឱ្យមានការបើកថ្មីទៀតនោះឡើយ។
អ្នកមកលេងខេត្តព្រះសីហនុ មិនបាច់មកហាត់បាញ់កាំភ្លើងនោះទេ គឺអ្នកមកលេងខេត្តព្រះសីហនុត្រូវដើរលេងនៅតាមកោះនានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បានប្រើពេលជាច្រើនឆ្នាំក្នុងការបង្ហាញរូបភាពសន្តិភាពនៅកម្ពុជា តែបញ្ហាសន្តិសុខរយៈពេលប្រមាណ៦ខែ បានបំផ្លាញរូបភាពល្អរបស់កម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់សារជាថ្មីថា សន្តិភាព ជាតម្រូវការធំសម្រាប់ជាតិ ប៉ុន្តែមានសន្តិភាពហើយ គឺត្រូវធានាឱ្យបាននូវសន្តិសុខ។

ជាមួយនឹងការប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ពីថ្ងៃនេះតទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ និងអ្នកវិនិយោគិនជាតិ និងអន្តរជាតិដែលបានចូលរួមថ្ងៃនេះ សូមទទួលបានតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *