ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ ករណីលួចឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា។ការឃាត់ខ្លួនក្រុមចិននោះ នៅម្តុំមាត់ទន្លេស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។
តាមចម្លើយក្រុមជនជាតិចិនខាងលើបានប្រាប់ថា ពួកគេលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកនៃប្រទេសឡាវ ដោយប្រើមធ្យោបាយទូកធ្វើដំណើរ ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ មុនចូលមកប្រទេសកម្ពុជា ជនជាតិចិនទាំងនោះបានធ្វើការងារនៅប្រទេសឡាវ។
ក្រុមចិនបានបន្តថា ក្នុងការទាក់ទងចូលមកកម្ពុជា តាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមការណែនាំរបស់មិត្តភក្កិជនជាតិចិន ដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា។ពួកគេជាអ្នករៀបចំមធ្យោបាយឱ្យចេញ ពីព្រំដែនប្រទេសឡាវ រហូតដល់គោលដៅ ដែលត្រូវធ្វើការនៅកម្ពុជា។
រីឯការចំណាយគឺដល់គោលដៅ ទើបទូទាត់ជាមួយអ្នកដែលរៀបចំគម្រោងការណ៍។ក្រោយពីឃាត់ខ្លួន ជនជាតិចិនចំនួន៨នាក់សមត្ថកិច្ចបាននាំទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕