ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ!

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាៈ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះ មានសារសំខាន់ណាស់ក្នុងការទាក់ទាញទេសចរ ។
កិច្ចការងារនេះ គឺធំ ដែលអាចឱ្យយើង សម្រេចបាននូវចីរភាពទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យ ។ កិច្ចការធំបំផុត គឺបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ។

សម្ដេចធិបតី បញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងនៅខេត្តព្រះសីហនុ និងបញ្ឈប់ការចេញអាជ្ញាបណ្ណសុំបង្កើតទីតាំងបាញ់កាំភ្លើងផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន ពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើងក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។

សម្ដេចធិបតីបញ្ជាក់ថា កាលពីម្សិលមិញ (៣០ មករា ២០២៤) សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការបើកថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ។

សម្តេចធិបតី បញ្ជាក់ថា សម្ដេចនឹងដឹកនាំផ្ទាល់ ដើម្បីធ្វើយុទ្ធនាការជ្រុងសន្ដិសុខមួយនៅខេត្តព្រះសីហនុ។

សម្តេចធិបតី បញ្ជាក់ថា កម្ពុជាកសាងជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ឱ្យទេសចរមកទស្សនអង្គរវត្ត ទស្សនាកម្ពុជា ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវដល់វិស័យឯកជន ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីរាជរដ្ឋាភិបាល បន្ទាប់ពីបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *