(ភ្នំពេញ)៖ នៅរសៀលទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានកោះនរា កោះពេជ្រ..!។
ស្ពានកោះនរា បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
គម្រោងស្ពានកោះនរា កោះពេជ្រ មានប្រវែងសរុប៨២៤ម៉ែត្រ ទទឹងស្ពានសរុប ២៤.៥ម៉ែត្រ។
បណ្តោយតួស្ពានមានប្រវែង ៤៨៣ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ ជាស្ពានចរាចរណ៍ទ្វេទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និង២មក ដែល ១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និង ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង។
ស្ពានកោះនរា-កោះពេជ្រ ចំណាយថវិកាសាងសង់ ៣៨លានដុល្លាអាមេរិក និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ស្ពាននេះ ចំណាយពេលសាងសង់ ៣៥ខែ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
ក្រៅតែពីការសាងសង់ស្ពានកោះនរាហើយនោះ ដើម្បីសម្រួលភ្ជាប់ការធ្វើដំណើរចេញពីកោះនរា ទៅផ្លូវជាតិលេខ១ រាជរដ្ឋាភិបាលក៏បានសង់ស្ពានបេតុងចំនួនពីរទៀត។ ស្ពានបេតុងទាំងពីរនេះ ត្រូវបានគេឱ្យឈ្មោះថាស្ពាននាគភ្លោះកោះនរា។
ស្ពាននាគភ្លោះកោះនរា មានបណ្តោយសរុបប្រវែង ៦០ម៉ែត្រ បណ្តោយតួស្ពានប្រវែង ៤៣ម៉ែត្រ, ទទឹងស្ពានសរុប ២៦ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានម្ខាងៗប្រវែង ៨.៥ម៉ែត្រ។
ស្ពាននាគភ្លោះកោះនរានេះ ចំណាយថវិកាសាងសង់ជាង ១លាន ៦០ម៉ឺនដុល្លារអាមេរិក និងចំណាយពេលសាងសង់២៥ខែ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ស្ពានកោះនរា ក៏ដូចជាស្ពាននាគភ្លោះកោះនរា ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យប្រជាពលរដ្ឋធ្វើដំណើរបណ្តោះអាសន្នក្នុងកំលុងពេលបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលការធ្វើចរាចរណ៍។
សមិទ្ធផលលើទឹកដីអភិវឌ្ឍន៍ថ្មីកោះនរា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញនិយាយដាច់ដោយឡែក និងសម្រាប់ជាតិកម្ពុជានិយាយជារួម។ សមិទ្ធផលនេះ បានដើតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលរាជធានីភ្នំពេញ ក៏ដូចជាអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ។
ស្ពាននេះ ក៏បានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍មួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។
ជាពិសេសស្ពាននេះ បានជួយធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលាក្នុងការធ្វើដំណើរ កាត់បន្ថយការចំណាយថ្លៃប្រេងឥន្ធនៈ។ កាន់តែពិសេសទៀតនោះ បានរួមចំណែកលើកម្ពស់សម្រស់រាជធានីភ្នំពេញ ក្រោមម្លប់សុខសន្តិភាពថែមទៀតផង។
ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ជាសមិទ្ធផលមួយ ដែលត្រូវបានចាប់ផ្តើមដំណើរការសាងសង់នៅពាក់កណ្តាលអាណត្តិទី៦ ហើយត្រូវបានបញ្ចប់ជាស្ថាពរនៅដើមនីតិកាលទី៧។ ដូច្នេះសមិទ្ធផលនេះ ជាសមិទ្ធផលមួយដែលបានតភ្ជាប់រវាងសម័យកាលចាស់ដឹកនាំដោយរាជរដ្ឋាភិបាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម័យកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមរយៈសមិទ្ធផលនេះ បានស្តែងឱ្យឃើញច្បាស់នៃភាពសុខដុមរមនារវាងរបបចាស់ និងថ្មី ព្រោះថា មានតែភាពសុខដុមទេ ដែលផ្តល់ឱកាសឱ្យមានសមិទ្ធផលលេចចេញជារូបរាង។
ប្រវត្តិសាស្ត្ររបស់កម្ពុជា ធ្លាប់មានការផ្លាស់ប្តូររបបដឹកនាំជាហូរហែ តែការផ្លាស់ប្តូររបបដឹកនាំដែលមិនរក្សាបាននូវភាពសុខសាន្ត ក៏បានធ្វើឱ្យសមិទ្ធផលពីមួយជំនាន់ ទៅមួយជំនាន់ក៏ត្រូវបំផ្លាញផងដែរ។ សមិទ្ធផលស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា បានស្តែងឱ្យឃើញច្បាស់នូវគុណតម្លៃ និងមនុញ្ញផលនៃសុខសន្តិភាព៕