(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបាន បាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និង ក្រោយមកបានបាក់បាត់រូបរាង ដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។
សម្តេចធិបតី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានកោះនរា កោះពេជ្រ.នៅរសៀលទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
គម្រោងស្ពានកោះនរា កោះពេជ្រ មានប្រវែងសរុប៨២៤ម៉ែត្រ ទទឹងស្ពានសរុប ២៤.៥ម៉ែត្រ។
បណ្តោយតួស្ពានមានប្រវែង ៤៨៣ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ ជាស្ពានចរាចរណ៍ទ្វេទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និង២មក ដែល ១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និង ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង។
ស្ពានកោះនរា-កោះពេជ្រ ចំណាយថវិកាសាងសង់ ៣៨លានដុល្លាអាមេរិក និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ស្ពាននេះ ចំណាយពេលសាងសង់ ៣៥ខែ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣៕