(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត នៅព្រលប់ទី១០.០២.២០២៤។
បានចេញមុខប្រឆាំង ទៅនឹងព័ត៌មានដែលថា លោកបានទទួលមរណភាពហើយ ខណៈដំណឹងនោះបានក្លាយជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គម។
ម្ចាស់ហ្វេសប៊ុកមួយចំនួន បានធ្វើការបង្ហោះពីព័ត៌មានថាលោក ណូយ វ៉ាន់ណេត ទទួលមរណភាព។
ដោយមិនមានមូលដ្ឋានច្បាស់លាស់ ក្នុងពេលតារាចម្រៀងរូបនេះ មិនមានរឿងអ្វីកើតឡើង និងទទួលមរណភាពដូចការបង្ហោះនោះឡើយ! ។
យ៉ាងណាលោក ណូយ វ៉ាន់ណេត បានចេញមុខដោយផ្ទាល់ដោយបានធ្វើការបដិសេធចោលទាំងស្រុងនូវ ការបង្ហោះពីផេកខាងលើ និងស្នើឱ្យម្ចាស់ផេកហ្វេសប៊ុក លុបចោល និងចេញសុំទោសជាសាធារណៈ មុនពេលលោកចាត់វិធានការផ្លូវច្បាប់..!។
តាមរយៈវីដេអូដែលបានLive តាមបណ្ដាញសង្គមតារាចម្រៀងលោកណូយ វ៉ាន់ណេត បានលើកឡើងថា មានគណនេយ្យហ្វេសប៊ុក ឈ្មោះ Sopheak M meng បានធ្វើការបង្ហោះថា លោកបានទទួលមរណភាពហើយ ។
លោកបញ្ជាក់ថា ការបង្ហោះព័ត៌មាននេះ គឺជាការភូតភរចង់បានការចូលមើល(view) ច្រើន ហើយប្រមាថអាយុជីវិតទៅវិញ។
លោកថា ធ្វើបែបនេះមានគោលបំណងអ្វី អ្នកណានៅពីក្រោយ ដោយសារការចង់បានការចូលមើលច្រើនបែរជាមកប្រមាថអាយុជីវិតលោកទៅវិញ ។
លោកបន្ថែមថា ករណីនេះគឺវាធ្ងន់ធ្ងរ ដោយលោកសុំឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃជួយដោះស្រាយលោកនៅក្នុងករណីខាងលើនេះផង ។
លោក ណូយ វ៉ាន់ណេត បានស្នើឱ្យម្ចាស់ផេក ដែលបានបង្ហោះថា លោកទទួលមរណភាពនោះឱ្យលុបចេញជាបន្ទាន់ និងចេញមុខសុំទោសលោកជាសាធារណៈមុនពេលលោកចាត់ការតាមផ្លូវច្បាប់ ។
ទោះជាយ៉ាងណាលោកណូយ វ៉ាន់ណេត ក៏បានអំពាវដល់មហាជនមេត្តាកុំមានការយល់ច្រឡំថា លោកពិតជាទទួលមរណភាព ព្រោះលោកមិនងាយស្លាប់ទេ ។
គឺលោកនៅតែបន្តនៅក្នុងបេះដូងទស្សនិកជនដដែល ហើយលោកក៏សូមអរគុណសម្រាប់ការគាំទ្រពីបងប្អូនទាំងអស់ចំពោះលោករហូតមកទល់នាពេលនេះ ។
ជាការកត់សម្គាល់ការផុសព័ត៌មាននៃស្លាប់របស់តារាចម្រៀងលោកណូយ វ៉ាន់ណេតនាពេលនេះ មិនមែនជាលើកទីមួយឡើយ ពោលកន្លងមកក៏មានករណីដូចគ្នាផងដែរ។
គេនៅចាំថា កាលពីអំឡុងឆ្នាំ២០១៧ លោក ណូយ វ៉ាន់ណេតក៏ត្រូវបានគេផុសព័ត៌មានពីការស្លាប់របស់លោកដែរ ក្រោយពីលោកជួបប្រទះគ្រោះថ្នាក់ចរាចរណ៍៕