អ្នកភូមិបង្កោង ស្រុកប្រាសាទបាគងនៅតែរក្សាទំនៀមទម្លាប់ចាប់ត្រីរួមគ្នាយកធ្វើម្ហូប!

(សៀមរាប)៖ ក្រោយពីថ្ងៃរំដោះ ៧ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បានបន្តរក្សាប្រពៃណីទំនៀមទម្លាប់ ពីបុរាណដូនតាជាយូរយាណាស់មកហើយនោះ។
គឺពួកគាត់តែងតែនាំគ្នាចាប់ត្រីជារួមក្នុងបឹងមួយ ដើម្បីយកធ្វើម្ហូបក្នុងពិធីឡើងមាឃ ឬឡើងអ្នកតាប្រចាំឆ្នាំ រៀងរាល់ខែមាឃ មិនដែលអាក់ខានឡើយ។
អ្នកស្រុកមិនត្រឹមតែជួបជុំចាប់ត្រី ជាលក្ខណៈសហគមន៍សម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះទេ គឺដើមី្បថែរក្សាប្រពៃណីទំនៀមទម្លាប់ ពីបុរាណដូនតាខ្មែរយើងផងដែរ។
លោក ពេជ្រ ឃិន មេភូមិបង្កោងបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃឆ្នាំ២០២៤នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ២កើត ខែមាឃឆ្នាំនេះ។
លោកមេភូមិបានបន្តថា ឆ្នាំនេះត្បិតទឹកនៅក្នុងបឹងមានច្រើន មិនទាន់ស្រកចុះដល់កម្រិត។
ប៉ុន្តែទិន្នផលត្រីក្នុងបឹងនេះសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រីយកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ។
លោកពេជ្រ ឃិន មេភូមិបង្កោងបានឱ្យដឹងទៀតថា នៅព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ក្មេង ប្រុសស្រីជាច្រើនរយនាក់ ដោយក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុងមកជួបជុំគ្នា។
ក្នុងនោះគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រីនៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។

លោកមេភូមិបានបន្តថា មិនខុសពីរៀងរាល់ឆ្នាំឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុំសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។
ដោយឡែកត្រីដែលរកបានពីបឹងពួកគាត់អាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។

រីឯអ្នកដែលមានសិទ្ធិចុះចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។
ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានចាប់ត្រីរួមគ្នាក្នុងបឹងនេះរួចហើយ ទើបអ្នកភូមិផ្សេង អាចមានសិទ្ធិមករក ចាប់ត្រីក្នុងបឹងនេះបាននៅថ្ងៃបន្ទាប់។
ម៉្យាងទៀតត្រីដែលចាប់បាននោះ មួយផ្នែកសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ជាចង្ហាន់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា ដែលប្រព្រឹត្តនៅសាលាឆាន់ក្នុងភូមិ តាមទំនៀមទម្លាប់តាំងពីបុរាណមក៕

Leave a Reply

Your email address will not be published. Required fields are marked *