នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra នឹងត្រូវបានដោះលែង ចេញពីពន្ធនាគារមុនកាលកំណត់ នៅថ្ងៃអាទិត្យស្អែកនេះ។
លោក Thaksin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២៣ ។
បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។
ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោស កំបាំងមុខដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។
តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិសដោយសារបញ្ហាសុខភាព។
លោក Thaksin ទទួលបានការអនុញ្ញាតដោះលែងពីពន្ធនាគារមុនកាលកំណត់កាលពីដើមសប្ដាហ៍នេះ តែរហូតមកដល់ថ្ងៃសៅរ៍នេះ ទើបមានការបញ្ជាក់ពីកាលបរិច្ឆេទដោះលែង ពីសំណាក់លោក Srettha Thavisin។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Srettha បានគូសបញ្ជាក់ដូច្នេះថា «ការដោះលែងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ»។
លោក Srettha បន្ថែមថាលោកមិនបានដឹងអ្វីលម្អិតបន្ថែមនោះទេ តែថាអ្វីៗគ្រប់យ៉ាងនឹងត្រូវអនុវត្តទៅតាមច្បាប់»។
គួរបញ្ជាក់ថា ទោះជាទទួលបានការដោះលែងមុនកាលកំណត់ក៏ដោយ ក៏លោក Thaksin នៅតែអាចប្រឈមមុខនឹងបណ្ដឹងផ្លូវច្បាប់ ។
ខណៈអាជ្ញាធរថៃត្រូវបានរាយការណ៍ថា កំពុងពិចារណាចោទប្រកាន់ រូបលោកពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រថៃ អំឡុងបទសម្ភាសន៍មួយ កាលពីឆ្នាំ២០១៥ កន្លងទៅ៕