ករណីចាក់ថ្មចូលទន្លេមេគង្គ ធ្វើជាកម្មសិទ្ធិ ត្រូវអភិបាលខេត្ត បញ្ជាឱ្យកាយចេញវិញ!

(កំពង់ចាម)៖ ករណីដែលមិនគួរកើតឡើងមិនដឹងថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីណាខ្លះនោះទេ បានជាថ្លើមធំហ៊ានចាក់ថ្ម ចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ។
ប៉ុន្តែពេលនេះ ត្រូវអភិបាលខេត្តកំពង់ចាម បញ្ជាឱ្យកាយចេញវិញ ដោយទុករយៈពេល៧០ថ្ងៃ ។
សម្រាប់ឱ្យបុគ្គល ដែលបានប្រព្រឹត្ត កាយថ្មនិងដីចេញ ក្នុងបំណងរក្សាសភាពដើមនៃទន្លេ..!។

សេចក្តីប្រកាសព័ត៌មាន នៃសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថាៈ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ភ្លាមៗរដ្ឋបាលខេត្ត បានបាត់តាំង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ និងផ្ដិតយករូបភាពដោយជួបជាមួយភាគីពាក់ព័ន្ធ និងបានរកឃើញ ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន។
ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករាឆ្នាំ២០២៤មកម្លេះ។
ការចាក់ថ្មនេះចូលក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង២៩៤,៦ម៉ែត្រ។
បច្ចុប្បន្នៈ ទើបចាក់បានប្រវែង១៣០ម៉ែត្រ។
សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។

ជាវិធានការបន្ទាន់នេះរដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចតទោ។ ១-បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។
២-ត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះ ចេញវិញឱ្យអស់រយៈពេលយ៉ាងយូរ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ។
ដើម្បីបញ្ចៀសផលប៉ះពាល់ថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។

៣-ភាគីចាក់ថ្មត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ។
ហើយក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។
រដ្ឋបាលខេត្តសូមគុណដល់ប្រជាពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៏មកឱ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ចំពោះករណីនេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ។ជាវិធានការបន្តបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *