ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ដែលកាន់អំណាចតាំងពីឆ្នាំ1994 បាននិយាយ កាលពីថ្ងៃអាទិត្យទី 25 ខែកុម្ភៈថា គាត់នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបេឡារុស សម្រាប់ការបោះឆ្នោត នៅឆ្នាំក្រោយ។
ការកត់សម្គាល់ខាងលើ របស់លោក Lukashenko ធ្វើឡើងក្នុងថ្ងៃតែមួយដែលបេឡារុស រៀបចំការបោះឆ្នោតសភា ដែលត្រូវបានគណបក្សប្រឆាំង និងលោកខាងលិច ហៅថាជាការបោះឆ្នោតដ៏អាម៉ាស។
នៅលើបណ្ដាញទំនាក់ទំនងសង្គមមួយគ្រប់គ្រង ដោយក្រុមការងាររបស់លោក លោក Lukashenko បានបញ្ជាក់យ៉ាងខ្លីថា «ប្រាប់ពួកគេថាខ្ញុំនឹងឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៥»។
ការបោះឆ្នោតសភារបស់បេឡារុសកាលពីថ្ងៃអាទិត្យ គឺជាការបោះឆ្នោតថ្នាក់ជាតិដំបូងបំផុត ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលបាន នាំទៅរកបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយប្រឆាំងនឹងលោក Lukashenko។
ប៉ុន្តែ បុរសខ្លាំងរូបនេះ បានប្រើប្រាស់កណ្ដាប់ដៃដែកដើម្បីបង្រ្កាប និងចាប់ខ្លួន ក្រុមអ្នកប្រឆាំងនឹងរូបលោករាប់រយនាក់ដាក់ពន្ធនាគារ និងខ្លះទៀតត្រូវរត់ភៀសខ្លួនចេញពីបេឡារុស។
លោកស្រី Svetlana Tikhanovskaya ជាមេដឹកនាំគណបក្សប្រឆាំងរបស់បេឡារុសដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ។
បានបង្ហោះវីដេមួយនៅលើ បណ្ដាញទំនាក់ទំនងដោយបានប្រកាសទាត់ចោលការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ។
ខណៈសហរដ្ឋអាមេរិកក៏បានរិះគន់ការបោះឆ្នោតនេះដែរថាជាការបោះឆ្នោតសភា ដ៏អាម៉ាស៕