(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាពហើយ។
ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក YB Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថល, ឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងមន្ត្រីស្ថានទូតជាច្រើនរូបផ្សេងទៀត។
សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (YB Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីរយៈពេលមួយថ្ងៃនេះ មានការអញ្ជើញអមដំណើរដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបមានដូចជា៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោក លោកស្រីជាសមាជិក រាជរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។ ដំណើរទស្សនកិច្ចក៏មានការអមដំណើរដោយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន នយោបាយ, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ការងារ, ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល សន្តិសុខថាមពលជាដើម។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងតំបន់ផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ក៏នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៣រួមមាន អនុស្សារណៈយោគយល់គ្នាមួយ រវាងធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី និងអនុស្សារណៈយោគយល់គ្នាពីរទៀត រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី ព្រមទាំងអញ្ជើញធ្វើសន្និសិទ្ធសារព័ត៌មានរួមគ្នា៕