សម្តេចធិបតី បញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី និងបានធ្វើដំណើរមកកម្ពុជាវិញហើយ!

(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការ១ថ្ងៃ នៅប្រទេស​ម៉ាឡេ​ស៊ី ដល់ព្រលប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចនេះហើយជាមួយលទ្ធផលដ៏គាប់ប្រសើរ​ជាប្រយោជន៍​សម្រាប់​​ជាតិ និងប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានឈប់សម្រាកនៅម៉ាឡេស៊ីនោះ​ឡើយ គឺដឹកនាំគណៈប្រតិភូធ្វើដំណើរត្រឡប់មកកម្ពុជាវិញទាំងយប់ផងដែរ។
ជូនដំណើរនិវត្តន៍របស់​សម្តេច​ធិបតី និងគណៈប្រតិភូ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានការ​ជូនដំណើរដោយ​មន្ត្រីជាន់ខ្ពស់របស់ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅម៉ាឡេស៊ី និងមន្ត្រីស្ថាន​ទូតជា​ច្រើន​រូបផ្សេងទៀត។

សម្តេចធិបតី បានជ្រើសយកប្រទេសម៉ាឡេស៊ី ជាទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើដំណើរ​ទស្សន​កិច្ចក្នុងបំណងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលក្នុងវិស័យសំខាន់ៗជាច្រើនរូបពាក់ព័ន្ធការវិនិយោគ ថាមពល ការងារ កសិកម្ម ឧស្សាហកម្ម ធនាគារ។
ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសម៉ាឡេស៊ី ក៏ដូចទៅនឹងប្រទេសថៃកាលពីដើមខែកុម្ភៈដែរ គឺទស្ស​នកិច្ចរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ តែកម្មវិធីមានច្រើនហូរហែមានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ពោលរយៈពេលមួយថ្ងៃតែចាយមិនឱ្យសល់នោះឡើយ។

អញ្ជើញដល់ប្រទេសម៉ាឡេស៊ី សម្តេចធិបតី និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ​ពី​សំណាក់​​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​ម៉ាឡេស៊ីតាំងពីនៅព្រលានយន្តហោះ។
បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានការរៀបចំពិធីបដិសណ្ឋារកិច្ចជាផ្លូវការដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី។

ពិធីបដិសណ្ឋារកិច្ចផ្លូវការត្រូវបានរៀបចំប្រកបដោយកិត្តិយសកងកិត្តិយស កងត្រែទ័ព មន្ត្រីជាន់ខ្ពស់រដ្ឋា​ភិ​បាលត្រូវបានយកមកឈរជារបង និងប្រគំភ្លេង ។
ដើម្បីស្វាគមន៍សម្តេចធិបតី ខណៈព្រំពណ៌ក្រហមឆ្អិនឆ្អៅ ត្រូវបានក្រាលជាកម្រាលទ្រដំណើរសម្តេចធិបតីលើដីម៉ាឡេស៊ី លើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីប្រា​ហ៉ីម អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបើកកិច្ចប្រជុំទ្វេភាគី ។
ដោយបានពិភាក្សាទៅលើបញ្ហា​ជា​ច្រើន ស្វះស្វែងរកកាលានុវត្តន៍ភាពថ្មីលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាលើវិស័យសេដ្ឋកិច្ចដោយផ្តោតលើការបង្កើនទំហំវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងថាមពល។

ពាក់ព័ន្ធការវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី និងលោក អាន់វ៉ា សុទ្ធតែបានមើលឃើញដូចគ្នាពី​សារៈសំខាន់លើការបង្កើនទំហំវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនៅមានកម្រិតទាបនៅ​ឡើយ ហើយត្រូវសម្លឹងរកវិស័យមានសក្តានុពលដទៃទៀត ដើម្បីពង្រីកសកម្មភាព។

ពាក់ព័ន្ធនឹងទេសចរណ៍ សម្តេចធិបតី និងលោក អាន់វ៉ា បានព្រមព្រៀងគ្នាពង្រីកការហោះហើរត្រង់ទៅ​កាន់​តំបន់ទេសចរណ៍មានសក្តានុពលនៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នមានការហោះហើរត្រង់​រវាង​ប្រទេសទាំងពីរចំនួនប្រមាណ ៤៧ជើងក្នុងមួយសប្តាហ៍។

ពាក់ព័ន្ធថាមពលវិញ សម្តេចធិបតី និងលោក អាន់វ៉ា ក៏បានព្រមព្រៀងពង្រីកតភ្ជាប់ខ្សែបញ្ជូនចរន្ត​អគ្គិ​សនី​ក្រោមបាត់សមុទ្រ ដោយតភ្ជាប់ពីកម្ពុជា ទៅសិង្ហបុរី ហើយបន្តពីសិង្ហបុរី ទៅម៉ាឡេស៊ី ។
ដើម្បីធានា​បានការផ្គត់ផ្គត់ប្រភពថាមពលអគ្គិសនី ដែលជាថាមពលស្អាតពីប្រទេសឡាវ និងប្រទេសកម្ពុជា។

ក្នុងក្របខ័ណ្ឌ វិស័យការពារជាតិ និងសន្ដិសុខ កម្ពុជា និងម៉ាឡេស៊ី កម្ពុជា និងម៉ាឡេស៊ី បានឯកភាព​លើ​ការ​បន្តជំរុញ​កិច្ចសហប្រតិបត្តិ​ការ​រួម​មាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើ​លំ​ហាត់​រួមគ្នា។

កម្ពុជា និងម៉ាឡេស៊ី ក៏បានឯកភាពពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃ​គណៈកម្មការចម្រុះកិច្ចសហ​ប្រតិ​បត្តិ​ការ​ទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នា​ដោយ​រដ្ឋ​មន្ត្រីការបរទេសនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោក អាន់វ៉ា ក៏បានបង្ហាញការពេញចិត្តលើទំនាក់ទំនង​រវាង​ប្រទេសទាំងពីរដែលមានអាយុ៦៧ឆ្នាំ ក្នុងឆ្នាំ២០២៤នេះ។ ថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី បាន​សម្តែង​សុទិដ្ឋិនិយមថា ទំនាក់ទំនងរវាង​កម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិត​ទំនាក់​ទំនង​ខ្ពស់បន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាពេលនេះ។

បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីប្រា​ហ៉ីម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ​ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ រវាងធនាគារជាតិកម្ពុជា និងធនាគារកណ្តាលរបស់​ម៉ាឡេស៊ី។

អនុស្សារណៈនេះ មានវិសាលភាពគ្របដណ្តប់លើទម្រង់ជាច្រើន ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់​នៃប្រទេសទាំងពីរ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ក្នុងស្រុករវាងប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាព​ដល់​ការទូទាត់ឆ្លងដែនតាម QR Code។

តាមរយៈអនុស្សារណៈនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ី អាចធ្វើការទូទាត់ដោយ​ស្កេន QR Code នៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមកផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់​ការ​ទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែ​មាន​ប្រសិទ្ធភាព និងសុវត្ថិភាព។ អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាព​ពាណិជ្ជ​កម្ម និងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

ពាណិជ្ជករទូទាត់រាយនៃ​ប្រទេសទាំងពីរ ដែលទទួលយកការទូទាត់តាម QR Code ប្រមាណ ៥លាន​ទីតាំង រាប់បញ្ចូលទាំងអាជីវកម្ម​ខ្នាតតូចផងដែរ នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ​នេះ។
អនុស្សារណៈយល់យោគគ្នានេះ ជាជំហានថ្មីមួយក្នុងគំនិតផ្តួចផ្តើមតភ្ជាប់ប្រព័ន្ធទូទាត់​ក្នុងតំបន់​អាស៊ាន ដែលស្របទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់ប្រទេស G20 ក្នុងការលើកកម្ពស់ប្រសិទ្ធភាព​នៃការ​ទូទាត់​ឆ្លងដែន។

បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយនោះ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញបង្គំគាល់ព្រះមហាក្សត្រទី១៧ របស់ម៉ាឡេស៊ី ព្រះអង្គម្ចាស់ Sultan Ibrahim ibni Almarhum Sultan Iskandar។
បន្ទាប់មកជួបសម្តែងការគួរសមជាមួយលោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី និងលោក YB Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី។

វេទិកាធុរកិច្ចជារបៀបវារៈដ៏សំខាន់រាល់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤។

វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម​ម៉ាឡេ​ស៊ី​នៅកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណង​ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។

ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងស្ថាប័នពាក់ព័ន្ធ សរុបជាង ៤០០នាក់ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធគោលនយោបាយលើការវិនិយោគ និងបរិយាកាសអំណោយផលនៃការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងពិធីនេះ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ចំនួន២រួមមាន៖ អនុស្សារណៈយោគ​យល់ទី១ គឺចុះជាមួយសភាពាណិជ្ជកម្ម និងឧស្សា​ហ​កម្មជាតិម៉ាឡេស៊ី និង អនុស្សារណៈយោគ​យល់​ទី២ ។
គឺចុះជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា។
ការចុះអនុស្សារណៈនេះ មានគោលដៅចូលរួម​លើកកម្ពស់ទំនាក់​ទំនងពាណិជ្ជកម្ម​និងសេដ្ឋកិច្ច ក៏ដូចជា ជំរុញកាលានុវត្តភាពធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។

មុនឡើងយន្តហោះត្រឡប់មកកម្ពុជាវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕

Leave a Reply

Your email address will not be published. Required fields are marked *