(កំពង់ចាម)៖ គិតត្រឹមថ្ងៃទី០២.០៣.២០២៤ សកម្មភាពនៃការកាយថ្ម ចេញពីផ្ទៃទន្លេមេគង្ក ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបាន៧០%ហើយ។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម។
រដ្ឋបាលខេត្ត បានឲ្យដឹងថា៖ ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ដែលរដ្ឋបាលខេត្តបានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី០២-មីនា-២០២៤។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាការអនុវត្តវិធានការរដ្ឋបាលនេះ មានលទ្ធផលដូចខាងក្រោម ១. ភាគីម្ចាស់ដី បានដំណើរការកកាយថ្មចេញពីផ្ទៃទន្លេ ចាប់ពីថ្ងៃទី២៥-កុម្ភៈ-២០២៤ ដោយសកម្មភាពកកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។
ថ្មដែលត្រូវបានកកាយចេញទាំងអស់ ត្រូវបាន ដឹកចេញទៅទុកដាក់នៅដីឯកជន នៅទីតាំងផ្សេងទៀត។
២. តាមការវាយតម្លៃជាបឋម ការកកាយថ្មចេញវិញនេះ (គឺសម្រេចបានប្រមាណ ៧០%) ពោលគឺផ្នែកខាងលើត្រូវបានប្រមូលចេញអស់ហើយ និងបន្តកកាយយកផ្នែកខាងក្រោមទឹកបន្តទៀត។
តាមការ ប្ដេជ្ញាចិត្តរបស់ម្ចាស់ដី នឹងខិតខំកកាយថ្មពីផ្នែកខាងក្រោមទឹក ឲ្យរួចជាស្ថាពរ ក្នុងរយៈពេលត្រឹម ១០ថ្ងៃទៀត។
៣. សកម្មភាពនៃការកកាយថ្មនេះ ត្រូវបានភាគីម្ចាស់ដី រាយការណ៍ជូនអាជ្ញាធរជាប់ជាប្រចាំ។
រដ្ឋបាលខេត្ត នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការអនុវត្តវិធានការរដ្ឋបាលនេះ ដោយមាន ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ដែលមានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្តត្រួតពិនិត្យ តាមដាន វាយតម្លៃ នូវការអនុវត្តវិធានការរដ្ឋបាលនេះរហូតដល់ចប់ជាស្ថាពរ។
ចំពោះវិធានការផ្លូវច្បាប់ គឺរដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងដល់ស្ថាប័នសាលាដំបូងខេត្ត កំពង់ចាមរួចហើយ ហើយស្ថាប័នតុលាការក៏កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ។
គួរម្លឹកថា ថ្មីៗនេះមានការភ្ញាក់ផ្អើលក្រោយបណ្ដាញសង្គម មួយចំនួនផ្សព្វផ្សាយអំពីបុគ្គល មានលុយចាក់ថ្មរំលោភចូលទន្លេមេគង្គ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
-ក្រោយទទួលបានព័ត៌មាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យចុះស្រាវជ្រាវ និងរកឃើញថា ពិតជាមាន ករណីចាក់ថ្មចូលទន្លេប្រាកដមែន!។
ក្នុងនោះលោក អ៊ុន ចាន់ដា បានបញ្ជាឱ្យកាយថ្មចេញវិញ ដោយទុករយៈពេល៧០ថ្ងៃ ក្នុងបំណងរក្សាសភាពដើមនៃទន្លេ..!។
សេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
បានបញ្ជាក់ថា ការចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គឺចូលក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង២៩៤,៦ម៉ែត្រ។
បច្ចុប្បន្នៈ ចាក់បានប្រវែង១៣០ម៉ែត្រ សកម្មភាពនៃការចាក់ថ្ម ចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។
រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគី ដែលបានធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ត្រូវតែអនុវត្តដូចតទៅ៖
១-បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។
២-ត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះ ចេញវិញឱ្យអស់រយៈពេលយ៉ាងយូរ៧០ថ្ងៃ ជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
៣-ភាគីចាក់ថ្មត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ។
ហើយក្រុមការងារ នៃរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។
-ទន្ទឹមនិងនោះនៅថ្ងៃទី២៣.០២.២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។
-ក្រសួងធនធានទឹក បានលើកឡើងថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ។
ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដែលត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ។
អញ្ចឹងអ្នកប្រព្រឹត្ត ត្រូវប្រឈមនឹងផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ដប់លាន (១០.០០០.០០០)រៀល ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំដល់ប្រាំ (៥)ឆ្នាំ៕