(មណ្ឌលគិរី)៖ មនុស្ស២នាក់ បានស្លាប់និង៣នាក់ទៀត កំពុងជួយសង្គ្រោះ បន្ទាប់ពីពួកគេ ទទួលទានសាច់ជ្រូកព្រៃ(សាច់ជូរ)បណ្ដាលឱ្យពុលនិងធ្វើទុក្ខ…!។
ហេតុការណ៍ ពុលសាច់ជ្រូកព្រៃនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីព្រឹកទី១៩.០៣.២០២៤។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់៖
ទី១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ(ជនជាតិព្នង)មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ(ជនជាតិខ្មែរ)មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។
៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ)។
៤ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ)។
៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី(កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ)។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានទទួលទាន សាច់ជ្រូកព្រៃ(សាច់ជូរ) ហើយក៏មានអាការៈធ្វើទុក្ខខ្លាំង វិលមុខនិងក្អួត..!។
ឃើញបែបនោះ ក្រុមគ្រួសារ បានយកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះ២នាក់ក្នុងចំណោម៥នាក់ បានស្លាប់ ខណៈ៣នាក់ទៀត កំពុងជួយសង្គ្រោះ។
ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចបានចុះពិនិត្យ និងប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕