មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤!

(ព្រៃវែង)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ។
បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ។
ដែលមានអញ្ជើញចូលរួម លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម មន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្ស និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។

លោក អ៊ុក សេរីវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានលើកឡើងថា ទិវាវប្បធម៌ជាតិ៣ មីនា ។
គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតែបានយកចិត្ត ទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់ គុណូបការៈ និង ស្នាដៃដ៏ធំធេង នៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើននូវ សេចក្តីស្រលាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ទាំងរូបី និងអរូបីឲ្យស្ថិតស្ថេរគង់វង្ស។

អនុលោមតាមស្មារតីខាងលើសម្រាប់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបន្តរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ។
ដោយសម្រេចកំណត់យកប្រធានបទៈ (យុវជនដើម្បីវប្បធម៌ជាតិ) ក្នុងគោលបំណងដើម្បីឲ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី បង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹង ប្រែងកសាងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងភាពសុខ សាន្តរបស់ប្រជាជន និងប្រជាជាតិយើង។
យល់ដឹងកាន់តែច្បាស់ពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងជា កាលានុវត្តភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព។
ស្រលាញ់កាន់តែខ្លាំងឡើង និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សា ការពារវប្បធម៌ ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុម រមនា និងភាពសុខរបស់ប្រជាជន។
ចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចសង្គមតាមរយៈ ការបង្កើតសេ វាកម្មនិងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។
ចូលរួមកាន់តែសកម្មក្នុងការផ្ទេរ និងទទួលយកនូវចំណេះជំនាញបច្ចេកទេសពីវិស័យវប្បធម៌ជាតិ។
ចូលរួមយ៉ាងសកម្មក្នុងការសិក្សា ស្រាវជ្រាវ និងចងក្រងរក្សាទុកឲ្យបានគង់វង្សនូវឯកសារបេតិកភណ្ឌ វប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន។
លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិព្រមទាំងលើក ស្ទួយវប្បធម៌ចម្រុះឲ្យទទួលបាននូវវឌ្ឍនភាព ប្រកបដោយនិរន្តភាព ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ និងគ្មានការរើសអើង។

លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្តនយោបាយសកលភាវូបនីយកម្ម ស្របគ្នានេះដែរ ប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមាហរ័ណកម្មលើគ្រប់វិស័យ និងដោយឡែកលើវិស័យសិល្បៈវប្បធម៌សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។
ចរន្តនេះជៀសមិនផុតពីការហូរចូលនៃសិល្បៈវប្បធម៌បរទេសទាំងវិជ្ជមាន និងអវិជ្ជមានមកក្នុងប្រទេសយើងឡើយ ដែលប្រការនេះតម្រូវឲ្យប្រជាជនយើងគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែកការពារវប្បធម៌ ដោយឈរលើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស។
ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបង្កើតទិវាវប្បធម៌ជាតិ៣ មីនានេះឡើងចំនួន ២៥ លើករួចមកហើយ ហើយឆ្នាំនេះទៀតសោទ គឺជាឆ្នាំលើកទី២៦ នៃការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្រ្ជាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែបដែលជាស្នាដៃសិល្បៈ កើតចេញពីកម្លាំងពលកម្ម និងបញ្ញាពលកម្មពិតៗ របស់សិល្បកររៀមច្បង និងយុវសិល្បករយើងជាសិស្ស-និស្សិតនៅតាមគ្រឹះស្ថានសិក្សានានា បានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន។
ដែលមានឈាមជ័រសិល្បៈបន្តពីដូនតាជូនដល់ប្រជាជាតិទាំងក្នុង និងក្រៅប្រទេសបានស្គាល់ យល់ជ្រួតជ្រាប និងជាពិសេសក្នុងស្រទាប់យុវវ័យ ដើម្បីបង្កើនការចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ខ្មែរដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។

លោក អភិបាលរងខេត្ត បន្តថា សកម្មភាពទាំងនេះ ជាការបង្កើតនូវផលិតផលវប្បធម៌ថ្មីៗទៀត។
ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជនក្នុងការប្រើប្រាស់ផលិតផលវប្បធម៌ក្នុងស្រុក និងជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់វប្បធម៌បរទេស និងការហូរចូលឥតឈប់ឈរនៃវប្បធម៌អវិជ្ជមាន ព្រមទាំងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់កិត្យានុភាពវប្បធម៌របស់ជាតិយើងស្របតាមគោលដៅ កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ រួមជាមួយនិងយុទ្ធសាស្រ្តទេសចរណ៍ កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *