ចិន គាំទ្រប៉ាឡេស្ទីនពេញទំហឹង ក្នុង​ជម្លោះ​នៅតំបន់ហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់ប៉ាឡេស្ទីន ។
ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងជាមួយមន្ត្រីមកពីពិភពអារ៉ាប់ និងឥស្លាម រួមទាំងរដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន Riyad al-Maliki ផងដែរ ។

នៅក្នុងកិច្ចប្រជុំ ដែលក៏មានការយាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រី​ការ​បរទេស​អារ៉ាប៊ីសាអូឌីតផង​ដែរនោះ។
លោក Wang Yi បានបើក​កិច្ចប្រជុំ​ដោយ​សម្តែង​ការ​គាំទ្រ​របស់​លោក​ចំពោះ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​ជម្លោះ​នៅតំបន់ហ្គាហ្សាស្ទ្រីប ។

លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះបានលើកឡើងថា ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីកាត់បន្ថយជម្លោះ និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ ក៏ដូចជាការដោះស្រាយបញ្ហាប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារទម្លាក់គ្រាប់បែកមិនប្រណីដៃពីកងកម្លាំងអ៊ីស្រាអែល ។

លោក Wang Yi ក៏បាននិយាយផងដែរថា ច្រកចេញពីបញ្ហាជាប់គាំងនេះគឺ “អនុវត្តដំណោះស្រាយរដ្ឋពីរ និងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ” ។
ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សន្និសិទ​សន្តិភាព​អន្តរជាតិ ​មុន​ពេល​កំណត់ផងដែរ ។

ក្រសួងការបរទេសចិនបញ្ជាក់ថា ប្រតិភូអារ៉ាប់ និងឥស្លាមបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះជំហរដ៏យូរអង្វែងរបស់ចិនលើបញ្ហាប៉ាឡេស្ទីន ហើយថែមទាំងបានអះអាងថា ពួកគេនឹងស្វែងរកការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកវិភាគមួយចំនួនបានដាក់ការសង្ស័យថា ការគាំទ្រដែលបញ្ជាក់ដោយប្រទេសចិនចំពោះប៉ាឡេស្ទីនហាក់ដូចជាការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីបង្កើនវត្តមានរបស់ខ្លួននៅមជ្ឈិមបូព៌ា ស្របពេលដែលសហរដ្ឋអាមេរិកក៏បានលូកដៃជួយអ៊ីស្រាអែលក្នុងជម្លោះមួយនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *