(ក្រចេះ)៖ សមត្ថកិច្ចចម្រុះខេត្តក្រចេះ បានចាប់ជនសង្ស័យ២នាក់ ករណីប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ..!។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើង នៅភូមិក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា។
ប្រភពដដែលបានបន្តថា មុនចាប់ខ្លួនជនលើ្មសកម្លាំងរដ្ឋបាលជលផលក្រចេះ-ជលផលមេគង្គ និងអាជ្ញាធរខេត្តបានចុះល្បាតរកអ្នកប្រព្រឹត្តិបទល្មើសនេសាទ។
លុះមកដល់កន្លែងខាងលើឃើញជនសង្ស័យ២នាក់ ជាមួយឧបករណីឆក់ត្រីខុសច្បាប់ក៏ឃាត់ខ្លួនតែម្តង។
ជនសង្ស័យឈ្មោះ ពេជ្រ ម៉ែន អាយុ៤៥ឆ្នាំនៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។
ឈ្មោះ ធុ លី អាយុ៤៨ឆ្នាំនៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ទូកស្មាច់១-ម៉ាស៊ីន១គ្រឿង-អាំងវ៉ាក់ទ័រប្រភេទឆក់ត្រជាក់ស្រូបត្រី១គ្រឿង ប្រភេទឆក់ក្តៅ១គ្រឿង-អាគុយ៧០អាំព័រ១-កន្ត្រងសម្រាប់ដងត្រី២គ្រឿង-ខ្សែកាប-ខ្សែភ្លើង និងត្រីចម្រុះប្រមាណជាង២០គីឡូក្រាម។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផល បានយកទៅសាកសួរនិងកសាងសំណុំរឿង រួចបញ្ជូនទៅតុលាការខេត្តក្រចេះដើម្បីបន្តនីតិវិធី៕