Update៖ អាមេរិក ផ្តល់ជំនួយយោធាចំនួន១០០លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន!

ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទទី២០ ខែវិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអនុម័តកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ១០០លានដុល្លារឯណោះ!។

កញ្ចប់ថ្មីនេះរួមមានកាំជ្រួចប្រឆាំងយន្តហោះ Stinger, ប្រព័ន្ធបាញ់កាំភ្លើងធំ HIMARS បូករួមគ្រាប់បន្ថែម, គ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រនិង១០៥មិល្លីម៉ែត្រ, ប្រព័ន្ធប្រឆាំងរថក្រោះ Javelin និង AT-4 និងគ្រាប់កាំភ្លើងជាង៣លានគ្រាប់ ។
ខណៈកញ្ចប់​នេះ​ក៏​រួម​បញ្ចូល​ទាំង​ឧបករណ៍ជម្នះ​អាកាសធាតុ​ត្រជាក់ គ្រឿងបន្លាស់ និង​គ្រឿងយន្តកម្ទេចឧបសគ្គផងដែរ។

ការ​ប្រកាស​នេះ​​ធ្វើ​ឡើង អំឡុងពេល​​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ​ធ្វើ​ទស្សនកិច្ច​ទីក្រុង កៀវ ​ដោយនៅទីនោះលោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី Volodymyr Zelensky។

ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោក Austin ក៏បានបញ្ជាក់ជាថ្មីទៅលោក Zelensky អំពីការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ផងដែរ។

ហើយនៅចុងសប្តាហ៍នេះ លោក Austin នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំកំពូល Ramstein ដើម្បីសម្របសម្រួលជំនួយយោធាបន្ថែមទៀត ដល់ទីក្រុងកៀវ។

គួរបញ្ជាក់ថាៈ គិតត្រឹមពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកសន្តិសុខអស់ទឹកប្រាក់ជាង៤៤ពាន់លានដុល្លារហើយ ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បើកការវាយលុកនៅក្នុងខែកុម្ភៈឆ្នាំ២០២២កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *