(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១.០៤.២០២៤ ។
បានសម្រេចឧបត្ថម្ភប្រាក់៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។
នៅក្នុងអនុក្រឹត្យនោះ ក៏បានបញ្ជាក់ថា គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ក៏ត្រូវបានផ្តល់ជូនប្រាក់ឧបត្ថម្ភមួយគ្រួសារ ៥ម៉ឺនរៀលផងដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងអនុក្រឹត្យ បានបញ្ជាក់ដែរថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ ត្រូវអនុវត្តឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ដោយត្រូវគោរពគោលការណ៍ ដូចខាងក្រោម៖
១៖ ការបើកផ្តល់ប្រាក់ឧបត្ថម្ភដូចមានចែងក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តតាមគណនីបៀវត្សរបស់ សាមីជន ឬគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន។
២៖ ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្ដល់ប្រាក់ឧបត្ថម្ភឱ្យបានដល់សាមីជន ម្នាក់ៗគ្រប់ចំនួននិងទាន់ពេលវេលា។
៣៖ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្តី នគរបាលជាតិកម្ពុជាដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ឬ មុខតំណែងផ្សេងទៀតដែលមានបញ្ជាក់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៤៖ ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុងចំណុច៣ខាងលើ៕