តម្លៃប្រេងឆៅហក់ឡើង ជិត៩០ដុល្លារក្នុង១បារ៉ែល ខណៈហានិភ័យផ្គត់ផ្គង់ ក៏កំពុងកើតមាន!

តម្លៃប្រេងឆៅ បានបន្តហក់ឡើងកាលពីថ្ងៃពុធ ខណៈដែលអ្នកវិនិយោគិន បានពិចារណារលើហានិភ័យនៃការផ្គត់ផ្គង់ ។
ដែលកើតចេញពីការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងភាពអាចកើនឡើងនជម្លោះ នៅមជ្ឈិមបូព៌ា ។
ស្របពេលដែលរដ្ឋមន្ត្រី របស់អង្គការ OPEC+ រក្សាគោលនយោបាយកាត់បន្ថយទិន្នផលប្រេងនៅដដែល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កិច្ចសន្យាសម្រាប់ចែកចាយប្រេងឆៅប្រភេទ Brent នៅខែមិថុនា បានកើនឡើង ៧៥សេន ឬ ០,៨៤ភាគរយដល់ ៨៩,៦៧ដុល្លារក្នុងមួយបារ៉ែល នៅរសៀលថ្ងៃពុធ ។
ខណៈពេលដែលកិច្ចសន្យា សម្រាប់ចែកចាយប្រេងឆៅ របស់អាមេរិក West Texas Intermediate នៅខែឧសភាបានកើនឡើង ៧៣សេន ឬ ០,៨៦ភាគរយ ដល់ ៨៥,៨៨ដុល្លារ ក្នុងមួយបារ៉ែល។

ប្រភពចំនួនពីរបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមរដ្ឋមន្ត្រីរបស់អង្គការ OPEC+ មិនបានកែប្រែគោលនយោបាយកាត់បន្ថយ ការផលិតប្រេងឆៅរបស់ខ្លួន នៅក្នុងកិច្ចប្រជុំនៅថ្ងៃពុធទេ ។
បន្ទាប់ពីក្រុមប្រទេសផលិតប្រេងនេះ កាលពីខែមុនបានសម្រេចចិត្តរួចហើយ ក្នុងការបន្តកាត់បន្ថយផលិតកម្មបច្ចុប្បន្នរហូតដល់ខែមិថុនា។

តម្លៃប្រេងឆៅបានកើនឡើងខ្ពស់ កាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ។
ដែលបានគំរាមបង្អាក់សមត្ថភាព កែច្នៃប្រេងរបស់ប្រទេសនេះបន្ថែមទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ វិនិយោគិនក៏មានការព្រួយបារម្ភផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ាអាចរីករាលដាល បន្ទាប់ពីអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ទៅនឹងការវាយប្រហារ កាលពីថ្ងៃចន្ទ ដែលបានសម្លាប់បុគ្គលិកយោធាជាន់ខ្ពស់របស់ខ្លួន។

ជម្លោះកាន់តែធំនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងប្រទេសផលិតប្រេងកាន់តែច្រើន អាចបណ្តាលឱ្យមានការរំខានដល់ការផ្គត់ផ្គង់។
អ៊ីរ៉ង់ដែលផ្តល់ការគាំទ្រដល់កងជីវពលហាម៉ាស ដែលកំពុងប្រយុទ្ធនឹងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺជាប្រទេសផលិតធំទីបី នៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC)៕

Leave a Reply

Your email address will not be published. Required fields are marked *