សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ នៅគេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជធូបសូមខុមោលទោសនៅចំពោះរូបថត និងមជ្ឈូសតម្កល់សព មហាឧបាសិកា យិប ថាំកេសន ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយជរាពាធ ក្នុងជន្មាយុ ៩៩ឆ្នាំ។ សូមបញ្ជាក់ថា មហាឧបាសិកា យិប ថាំកេសន បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ក្រោយទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើនូវសារលិខិតចូលរួមរំលែកទុក្ខ ដែលមានខ្លឹមសារជាអាទិ៍ថា ៖

« ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយទទួលដំណឹងថា ឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេច និងជាម្តាយបង្កើតរបស់លោកជំទាវ បានទទួលមរណភាព ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា ម៉ោង ១២:២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្ដែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយសម្តេច និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់ឧបាសិកា យិប ថាំកេសន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយអត្តចរិតល្អ សីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំសម្រាប់សង្គមជាតិ។ ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា យិបចាំកសន សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ »

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចារលើសៀវភៅមរណទុក្ខជាមួយក្រុមគ្រួសារ នៃសពមហាឧបាសិកា យិប ថាំកេសន ក្នុងខ្លឹមសារជាអាទិ៍ថា ៖
« យើងខ្ញុំសូមជូនដំណើអ្នកមីងជាលើកចុងក្រោយ ត្រឹមពេលនេះ។ ដោយការគោរពស្រឡាញ់ពីក្មួយៗ » ។

សូមបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម សេង ទៀង បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដើម្បីចូលរួមក្នុងពិធីបុណ្យសពមហាឧបាសិកា យិប ថាំកេសន ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *