ពិតជារឿងដែលមិនធ្លាប់មានទេពីមុនមក ក្នុងប្រទេសវៀតណាម និងសហគមន៍អន្តរជាតិ ។
ខណៈមហាសេដ្ឋីអចលនទ្រព្យវៀតណាម គឺលោកស្រី Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិត កាលពីថ្ងៃព្រហស្បតិ៍។
ពាក់ព័ន្ធការក្លែងបន្លំហិរញ្ញវត្ថុសរុបចំនួន304 ពាន់ពាន់លានដុង (12.5 ពាន់លានដុល្លារ) ដែលជារឿងអាស្រូវហិរញ្ញវត្ថុ ដ៏ធំបំផុតរបស់ប្រទេស។
មកដល់បច្ចុប្បន្ន ការកាត់ទោសនេះ គឺជាពេលវេលាដ៏សំខាន់មួយ ក្នុងការបង្រ្កាបអំពើពុករលួយ កាន់តែខ្លាំងរបស់ប្រទេសវៀតណាម ។
ដែលដឹកនាំដោយអគ្គលេខាបក្សកុម្មុយនិស្ត Nguyen Phu Trong។
ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋវៀតណាម បានរាយការណ៍ថា គណៈវិនិច្ឆ័យនៅទីក្រុងហូជីមីញ បានច្រានចោល ហេតុផលការពារខ្លួនទាំងអស់ របស់លោកស្រី Truong My Lan ។
ដែលមានឋានៈជាអគ្គនាយិកា នៃក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យដ៏ធំមួយ ក្នុងប្រទេសវៀតណាម Van Thinh Phat ។
ដោយរកឃើញថា មហាសេដ្ឋីនីរូបនេះ ពិតជាមានទោសកំហុស ពីបទបោកប្រាស់លុយពីធនាគារពាណិជ្ជ Saigon Commercial Bank អស់រយៈពេលប្រមាណជា១ទសវត្សរ៍។
គណៈវិនិច្ឆ័យបានលើកឡើងដូច្នេះថា «ទង្វើរបស់លោកស្រី បានធ្វើឱ្យធ្លាក់ចុះការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់គណបក្សកុម្មុយនិស្ត ក៏ដូចជារដ្ឋវៀតណាម»។
លោកស្រី Lan បានរងការចោទប្រកាន់ពីបទគៃបន្លំយកប្រាក់ចំនួន១២.៥ពាន់លានដុល្លារ ប៉ុន្តែក្រុមរដ្ឋអាជ្ញាវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ការខូតខាតសរុប ។
ដែលបង្កឡើងដោយអំពើឆបោករបស់លោកស្រី នាពេលនេះ មានទំហំ២៧ពាន់លានដុល្លារ ។
ដែលស្មើនឹង៦ភាគរយ នៃអត្រា GDP របស់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៣។
លោកស្រី Lan បានច្រានចោលការចោទប្រកាន់ទាំងអស់ និងបានទម្លាក់កំហុសទៅលើកូនចៅរបស់ខ្លួន។
គួរបញ្ជាក់ថា បុគ្គលសរុបច្រើនជាង៤,៤០០នាក់ ត្រូវបានផ្តន្ទាទោស អំឡុងយុទ្ធនាការបោសសំអាតអំពើពុករលួយ នៅប្រទេសវៀតណាម ក្នុងករណីអំពើពុករលួយជាង ១,៧០០សំណុំរឿង គិតចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងពេលនេះ។
កាលពីខែមីនាកន្លងទៅ កំពូលមហាសេដ្ឋីផ្នែកចលនទ្រព្យប្រណិតម្នាក់ គឺលោក Do Anh Dung ដែលជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tan Hoang ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោយរកឃើញថា រូបលោកបានប្រព្រឹត្តអំពើឆបោកលើវិនិយោគិន ក្នុងទឹកប្រាក់ចំនួន៣៥៥លានដុល្លារ៕