(ភ្នំពេញ)៖ កាលពីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក ថងលុន ស៊ីសុលីត ប្រមុខរដ្ឋឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។
លោក ថងលុន ស៊ីសុលីត បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ប្រធានរដ្ឋឡាវ បានជួបសវនាការគាល ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។
ប្រធានរដ្ឋក៏មានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ ក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕