(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនិងមន្ត្រីក្រោមឱវាទបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតជំនាញការសូវៀតចំនួន៩រូបខ្មែរ១រូប។
ជនរងគ្រោះបំពេញការងារផ្នែកកសិកម្មដែលបានស្លាប់ ដោយសារក្រុមទាហានខ្មែរក្រហម ស្ទាក់បាញ់ប្រហារនៅតាមផ្លូវក្នុងស្រុកចម្ការលើកាលពីឆ្នាំ១៩៨៣។
ពិធីនេះបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកានៅវត្តដូនធី ក្នុងឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្រោមវត្តមានលោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។លោកH.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។
គួររំលឹកថា ពេលកើតហេតុអតីតជំនាញការកសិកម្មបានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាសនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារបានសម្រាកនៅខេត្តកំពង់ចាម ដោយមានរថយន្តចំនួន៣គ្រឿង រួមមានកងកាពារពីខេត្តចំនួន១២នាក់។
លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហាឆ្នាំ១៩៨៣ បានចេញដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស។ ពេលធ្វើដំណើរដល់ភូមិដូនធី ពួកខ្មែរក្រហមមាន២ក្រុមបានពួនស្ទាក់បាញ់ប្រហារ ដោយកាំភ្លើងគ្រប់ដៃម៉ាកAK47និងB40 ។
ពួកគេបានបាញ់សន្ធាប់លើក្បួនរថយន្តរបស់ក្រុមការងារ ធ្វើឱ្យក្រុមកងការពារបាត់ម្ចាស់ការរត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ។ តែយើងត្រូវពួកខ្មែរក្រហមបាញ់ឱ្យរងរបួសនិងស្លាប់។
អ្នកបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះមាន ១-លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ ជនជាតិខ្មែរ-លោក ទីមេណូវ វ.វ (N.V.Tikmenov) វិស្វករបច្ចេកវិទ្យា- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko) វិស្វករក្សេត្រសាស្ត្រ។ លោក ហ្គីប៉ូវ អីអី (Yu.I. Gribov) វិស្វករគ្រឿងយន្ត- លោក អាយុនដូវ កា.ហ (K.Kh.Akhundov) ក្សេត្រគីមីវិទ្យា-លោក ធៀលណូវ អា.ហ្គ (A.G. Chernov) ឯកទេសគ្រឿងយន្ត។លោក ហ្វេសសេវ ទ . (T. Fayziev) ឯកទេសគ្រឿងយន្ត-លោក ណាសារ៉ូវ ឆ.អ (N.A.Nazarov) វិស្វករក្សេត្រសាស្ត្រ ការពារដំណាំ និងលោក សាអាតូវ ស. (S. Saatov) វិស្វករនិងអ្នកបកប្រែ។
សកម្មភាពខាងលើកើតឡើង បន្ទាប់ពីជ័យជម្នះ៧មករាឆ្នាំ១៩៧៩ អង្គការចាត់តាំងរបស់ខ្មែរក្រហមនៅតែបន្ត ធ្វើសកម្មភាពជាក្រុមឧទ្ទាម បន្តសង្គ្រាមបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងផ្ទៃប្រទេស។ កម្ពុជាតែងតែមានការបែកបាក់នៅតំបន់ត្រួតត្រា២ឬ៣ភាគី។
ប៉ុន្តែរយៈពេលចុងក្រោយមាតុភូមិកម្ពុជា បានទទួលសន្តិភាពពេញលេញ ព្រោះតែនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន បានតស៊ូជំនះរាល់ឧបសក្គដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ៕