ឃាត់ខ្លួនជនជាតិចិន៦នាក់ និងខ្មែរ ២នាក់ ករណីឆ្លងដែនដោយខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា!

(ក្រចេះ)៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចប៉ូលីស ឃាត់ខ្លួន ជនជាតិចិនចំនួន៦នាក់ និងខ្មែរ២នាក់ ។
ដែលធ្វើដំណើរតាមរថយន្ត lexus មួយគ្រឿង និងបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ក្រុមជនជាតិចិនទាំងនោះត្រូវបានកម្លាំងអធិការដ្ឋានស្រុកសំបូរ ខេត្តក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ធ្វើការចាប់ឃាត់បាន។ ខណៈកំពុងធ្វើដំណើតាមរថយន្ត lexus 470 ពណ៌ស្ករស្លាកលេខភ្នំពេញ2G.4697 មួយគ្រឿង កាលពីវេលាម៉ោង ៩:០០នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នៅចំណុច ភូមិចាត្នោល ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា រថយន្ត lexus 470 ពណ៌ស្ករ ដឹកក្រុមជនជាតិចិននោះ ត្រូវបានគេសង្ស័យថា គឺឆ្លងដែនខុសច្បាប់ចេញពីទឹកដីប្រទេសឡាវ ហើយបានឆ្លងតាមទូកមកទឹកដីខ្មែរ ដោយមានមេខ្យល់ជាជនជាតិខ្មែរចំនួនពីរនាក់ចាំទទួលដឹកពីព្រំប្រទល់ប្រទេសឡាវដឹកមកកម្ពុជា ដើម្បីយកទៅខេត្តព្រះសីហនុ។

ប្រភពដដែលបន្តថា ៖រថយន្តដឹកក្រុមជនជាតិចិននោះ មកដល់ចំណុចទឹកដីអូរគ្រៀង ក៏បានបែកការណ៍ដោយសារតែរថយន្តនេះជាមុខសញ្ញាធ្លាប់ដឹកជនជាតិចិនខុសច្បាប់កាលពីពេលកន្លងទៅ ក្រោយពីដឹងព័ត៌មានបែបនេះ កម្លាំងសមត្ថកិច្ចក៏បើករថយន្តតាមក្រោយ រថយន្ត lexus 470 របស់ចិនដែលកំពុងជិះ ក៏ធ្វើឲ្យអ្នកបើកបររថយន្តដឹកជនជាតិចិននោះភ័យ ក៏បើករត់គេចចេញពីផ្លូវជាតិលេខ០៧ ចូលមកតាមមាត់ទន្លេវិញ ហើយព្យាយាមបើករត់គេច ដោយសភាពការណ៍មិនស្រួលក៏បានចតរថយន្តទុកចោល រីឯជនជាតិចិន និងមេខ្យល់ខ្មែរពីរនាក់នោះក៏បាននាំគ្នារត់គេច តែទោះជាយ៉ាងណាសមត្ថកិច្ចសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលសណ្ដាន់ និងប្រជាការពារភូមិក៏ចាប់ជនទាំងអស់នោះបានវិញ។

លោក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានថ្លែងថា ក្រោយចាប់ខ្លួនបានក្រុមជនជាតិចិនទាំងនោះត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះរួចរាល់ហើយ។

ដោយឡែក លោកឧត្តមសេនីយទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ក្រចេះ ក៏បានឲ្យដឹងដែរថា ឥឡូវនេះកម្លាំងជំនាញកំពុងតែបន្តធ្វើការសាកសួរនៅឡើយ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *