(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលជាតិទូទាំងប្រទេសអនុវត្តយ៉ាងសកម្ម។
ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន១០០ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន២៩៨នាក់ នៅទូទាំងប្រទេស។
នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងចំណោមករណីខាងលើនេះ ករណីបង្ក្រាបនៅរាជធានីភ្នំពេញមាន២២ករណី ខេត្តព្រះសីហនុមាន១៥ករណី ខេត្តកំពង់ស្ពឺមាន៦ករណី ខេត្តសៀមរាបមាន៦ករណី ខេត្តត្បូងឃ្មុំមាន៥ករណី ខេត្តកំពង់ធំមាន៥ករណី។
ក្រៅពីនេះមាននៅខេត្តកណ្ដាល រតនគិរី ស្វាយរៀង បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង មណ្ឌលគិរី កំពង់ចាម កែប ព្រះវិហារ តាកែវ កោះកុង និងករណីបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀន ដែលសុទ្ធតែមានចំនួនក្រោម៥ករណី។
ក្រៅពីករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយតូច អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា ក៏មានដែរករណីទ្រង់ទ្រាយធំ ។
ក្នុងនោះរាជធានីភ្នំពេញមាន២កណី ឃាត់ខ្លួនមនុស្សសរុប៨នាក់ រឹបអូសគ្រឿងញៀនជាង២១៦គីឡូក្រាម ខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ១នាក់ រឹបអូសគ្រឿងញៀនជាង១២០គីឡូក្រាម និងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្ស២នាក់ រឹបអូសគ្រឿងញៀនជាង៦គីឡូក្រាម។
ក្រៅពីគ្រឿងញៀន សមត្ថកិច្ចក៏រឹបអូសវត្ថុតាងមួយចំនួនទៀត ដូចជាអាវុធ រថយន្ត ម៉ូតូ និងទូរសព្ទជាដើម។
ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ។
ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តយ៉ាងសកម្មដូចគ្នាដែរនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស រួមទាំងការអនុវត្តលើមន្រ្តីរាជការនិងកម្លាំងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្រោមទិសស្លោកដឹកនាំ«សម្អាតផ្ទះយើង» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់បទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជាលទ្ធផលគិតមកត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន 56,445នាក់ ក្នុងនោះវិជ្ជមានចំនួន 76 នាក់ និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ៕