(ភ្នំពេញ)៖ ជនសង្ស័យដែល បានវាយសន្តិសុខម្នាក់ ១ពិល បណ្តាលឲ្យបែកក្បាល ហើយទាមទារឲ្យជនរងគ្រោះសងថ្លៃពិលទៀតនោះ ។
ត្រូវបានអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ជាផ្លូវការហើយ និងបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ..!។
នេះបើយោងតាមការបញ្ជាក់ពី មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជនត្រូវចោទឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ»។
សូមបញ្ជាក់ថា មន្ត្រីយោធារូបនេះ អាងអំណាច អាងបុណ្យស័ក្តិរបស់ខ្លួន ទៅផឹកស្រាស្រវឹងបង្កអំពើហិង្សា ទៅលើជនរង់គ្រោះ ព្រមទាំងជេងប្រមាថ គំរាមបាញ់ ទៅលើសមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍។
តាមសេចក្តីរាយការណ៍មួយចំនួន ពីអ្នកដែលធ្លាប់ជននេះ បានឲ្យដឹងថា កន្លងទៅជននេះធ្លាប់បង្កបញ្ហា និងប្រព្រឹត្តបទល្មើសហិង្សាជាច្រើន ។
ប៉ុន្តែមិនមាននរណាម្នាក់អាចធ្វើជននេះបានឡើយ ដែលធ្វើឲ្យជននេះរឹតតែបានចិត្ត ហើយប្រើអំណាចគាបសង្កត់គេឯង។
គួរជម្រាបថា ជនដែលបបង្កអំពើហិង្សាលើសន្តិសុខ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ។
ក្រោយជនបង្ករូបនេះបានប្រើហិង្សាដោយ វាយសន្តិសុខមួយពិលបណ្តាលឱ្យបែកលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រាចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចាប់ខ្លួនជនបង្ករូបនេះ បានធ្វើឡើងក្រោយវាយសន្តិសុខការពារនៅច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឲ្យបែកមុខ រួចជេរប្រមាថ និងគំរាមបាញ់នគរបាលមូលដ្ឋាន ដែលបានចុះទៅជួយអន្តរាគមន៍ទៀតផង។
មិនតែប៉ុណ្ណោះ ជននេះបានវាយជនរងគ្រោះមួយពិលហើយ ថែមទាំងឲ្យជនរងគ្រោះសងថ្លៃពិលទៀតផង ទាំងអការៈស្រវឹងត្រេតទ្រោត និងទូរស័ព្ទហៅខាងនគរបាលព្រហ្មទណ្ឌមកជួយទៀត។
ជនត្រូវចោទឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១និង០០នាទី ខ្លួនកំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជននេះ មកដល់ចំណុចច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។
បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខដែលជាជនរងគ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។
ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកគំរាមបាញ់ជនរងគ្រោះបំបែកក្បាល រួចចុះពីលើរថយន្តកាន់ពិលដែកពណ៌ខ្មៅដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់ ពេលនោះជនសង្ស័យបានគប់ពិល ទៅចំលើផ្ទៃមុខនៃចុងចិញ្ចើមខាងឆ្វេងបណ្តាលឲ្យរបួសបែកចេញឈាម៕