(កូរ៉េខាងត្បូង)៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េខាងត្បូង..!។
ក្នុងវេទិកាធុរកិច្ចនេះ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង ៣០០នាក់ តំណាងឱ្យ១៩៨ក្រុមហ៊ុន។
សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។
លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣កន្លងទៅ។ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ។
ក្នុងវេទិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញមានប្រសាសន៍ទៅកាន់អ្នកវិនិយោគពីគោលនយោបាយពាក់ព័ន្ធសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា ដើម្បីជាការលើកទឹកចិត្តឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជា។
-សម្តេចធិបតី ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលជាព្រឹត្តការណ៍ដ៏សំខាន់បំផុតមួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅសាធារណរដ្ឋកូរ៉េ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។
នៅក្នុងពិភពលោកដែលហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា ដោយភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងសម្ពាធអតិផរណា ការបន្តសហការរៀបចំវេទិកាធុរកិច្ចដ៏សំខាន់បែបនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីឱ្យវិនិយោគិននៃប្រទេសយើងទាំងពីរអាចជួប និងផ្លាស់ប្តូរទស្សនវិស័យទៅមុខ ក៏ដូចជាតម្រង់ទិសក្នុងបរិបទនៃភាពមិនប្រាកដប្រជាសកល និងសំខាន់ជាងនេះទៅទៀត ប្រែក្លាយកាលានុវត្តភាពនៃការវិនិយោគទៅជាគម្រោងវិនិយោគជាក់ស្តែង ដែលរួមចំណែកដល់សុខុមាលភាព និងវិបុលភាពនៃកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ក្នុងន័យនេះ ចាប់តាំងពីពេលដែលខ្ញុំបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំបានកំណត់យកការចូលរួមវេទិកាធុរកិច្ច និងកិច្ចប្រជុំជាមួយវិស័យឯកជន ជាបេសកកម្មចម្បងមួយរបស់ខ្ញុំ។
កាលពីប្រហែលពីរខែមុន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទទួលគណៈប្រតិភូធុរកិច្ចកូរ៉េមួយក្រុមធំ ដែលដឹកនាំដោយ Maekyung Media Group នៅកម្ពុជា មានការចូលរួមពីសំណាក់ក្រុមហ៊ុន Chaebol របស់សាធារណរដ្ឋកូរ៉េ ដូចជា LS Group, CJ Group, Samsung, Hyundai, LG ជាដើម។
ឯកឧត្តម, លោកជំទាវ,លោក, លោកស្រី កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយ។
ទោះបីជាទំនាក់ទំនងនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជាក៏ដោយ ក៏ទំនាក់ទំនងការទូតរបស់យើងបានចាប់ផ្តើមពេញលេញឡើងវិញយ៉ាងតាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េក្នុងខែកក្កដា ឆ្នាំ១៩៩៦។
ប្រទេសរបស់យើងចែករំលែកទំនាក់ទំនងយ៉ាងស៊ីជម្រៅ និង មានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។ យើងចែករំលែកទំនាក់ទំនងយ៉ាងជ្រាលជ្រៅមួយ គឺមរតកនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។
ប្រទេសទាំងពីរបានស៊ូទ្រាំជាមួយនឹងស្លាកស្នាមសង្រ្គាម ប៉ុន្តែបានងើបឡើងវិញ ប្រកបដោយភាពធន់ និងតម្រង់ទិសសេដ្ឋកិច្ចទៅរកវិបុលភាព។
ជវភាពនៃទំនាក់ទំនងរបស់យើង ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាងប្រជាជាន និងប្រជាជន ប្រជាប្រិយភាព យ៉ាងទូលំទូលាយ នៃរឿងភាគ តន្រ្តី និងអាហារកូរ៉េ K-drama, K-pop និង K-food នៅកម្ពុជា ការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ចំណុះជាតិសាសន៍ និងជនបរទេសរស់នៅក្នុងប្រទេសទាំងពីរ ដោយគិតត្រឹមឆ្នាំ២០២៣ មានប្រជាជនកម្ពុជាប្រមាណ ៥៩,០០០នាក់ បាននិងកំពុងរស់នៅសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េចំនួន ៧,៨០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម ការកែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឺះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការដែលមានសុពលភាព៣ ឆ្នាំ និងអនុញ្ញាតឲ្យមានការចេញចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើក ដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េមកកម្ពុជា។
ជាលទ្ធផល យើងបានឃើញការកើនឡើងនូវវត្តមានរបស់គម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េទាំងធុនតូច និងធំ នៅកម្ពុជា។ ទន្ទឹមនឹងនេះ ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងលើសពី ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដោយបានពង្រីកលើវិស័យផ្សេងៗ ដូចជាវាយនភ័ណ្ឌ ផលិតផលធ្វើដំណើរ កង់ និងផ្នែកបន្លាស់អេឡិចត្រូនិច កសិកម្ម និង ការកែច្នៃផលិតផលកសិកម្ម។
ក្រុមហ៊ុនកូរ៉េ បាននិងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការរួមចំណែករបស់ពួកគេនៅទូទាំងវិស័យចម្រុះ ដូចជា កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បានជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។
ក្នុងន័យនេះ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគបន្ថែមទៀតពីសាធារណរដ្ឋកូរ៉េ។ កម្ពុជានៅតែមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដែលជំនាញផ្នែកបច្ចេកវិទ្យារបស់សាធារណរដ្ឋកូរ៉េអាចកែប្រែឧស្សាហកម្មរបស់កម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផល់ប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តម, លោកជំទាវ,លោក, លោកស្រី ប្រទេសកម្ពុជាបានឆ្លងកាត់ការវិវត្តដ៏អស្ចារ្យ ដោយបានប្រែក្លាយពីប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព ប្រជាធិបតេយ្យ ឯករាជ្យភាព និងវិបុលភាព។
កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមលើសពី៧ភាគរយ មុនពេលកូវីដ១៩។ មាគ៌ាកំណើនដ៏គួរឱ្យស្ងប់ស្ងែងនេះ បានជំរុញប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយផលិតផលក្នុងស្រុកសរុបបានកើនឡើងប្រហែល ១០ដង ពោលគឺពី៣.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០០០ ដល់ ៣៩.៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កើនឡើងប្រហែល ៧ដង ពី ៣១០ ដុល្លារក្នុងមនុស្សម្នាក់ ដល់ ២,៣៤៥ដុល្លារ។
ទោះបីជាមានការធ្លាក់ចុះជាបណ្ដោះអាសន្ននៅឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានបង្ហាញភាពធន់គួរឱ្យកត់សម្គាល់ជាមួយនឹងការងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២១ និងកំណើន៥ភាគរយ នៅឆ្នាំ២០២៣ និងបានព្យាករណ៍ថានឹងកើនឡើង៦ភាគរយ នៅឆ្នាំ២០២៤។
កម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការវិលត្រឡប់ទៅរកអត្រាកំណើនមុនវិបត្តិកូវីដ១៩វិញ ពោលគឺ៧ភាគរយ នៅត្រឺមឆ្នាំ២០២៨។
ប្រទេសកម្ពុជាមានចក្ខុវិស័យរីកចម្រើនបន្ថែមទៀត ជាពិសេសតាមរយៈការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ច្បាប់ថ្មីស្តីពីការវិនិយោគ ជាពិសេសផ្តល់នូវការលើកទឹកចិត្តដ៏សប្បុរស រួមទាំងការលើកលែងពន្ធរហូតដល់ ១៥ឆ្នាំលើវិស័យអាទិភាពជាច្រើន។
យើងក៏កំពុងរៀបចំផែនការតំបន់សេដ្ឋកិច្ចពិសេស (SEZ) ឡើងវិញយ៉ាងសកម្ម ដើម្បីបំពេញតម្រូវការពិសេសរបស់ឧស្សាហកម្ម អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍មកពីប្រទេសជាក់លាក់ ដូចជាសាធារណរដ្ឋកូរ៉េ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាខេត្តគំរូមួយក្នុងការលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដោយមានការសម្រួលនីតិវិធី និងផ្តល់អត្ថប្រយោជន៍ពិសេស លើសពីច្បាប់ស្ដីពីវិនិយោគសម្រាប់ដល់វិនិយោគិន ទៅតាមប្រភេទនៃគម្រោង ឬសកម្មភាពរួមមាន៖ ទី១) គម្រោងវិនិយោគដែលពាក់ព័ន្ធនឹងអគារជាប់គាំង; ទី២) គម្រោងវិនិយោគ ដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង និងទី៣) ការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ក្នុងខេត្ត។
យោងតាម Financial Times FDI Intelligence ប្រទេសកម្ពុជា មានសន្ទុះវិនិយោគទុនផ្ទាល់ពីបរទេស (FDI) គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ ដោយជាប់លំដាប់ថ្នាក់ខ្ពស់បំផុត ក្នុងចំណោមទិសដៅវិនិយោគកំពូលទាំង៥០ នៅលើពិភពលោក។ នៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ (FDI Standouts Watchlist) នៅក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជា ផ្តល់ជូននូវភាពទាក់ទាញជាច្រើនសម្រាប់ធុរកិច្ច ដែលកំពុងស្វែងរកការពង្រីក និងការធ្វើពិពិធកម្ម។
ដោយមានមូលដ្ឋានគ្រឹះរឹងមាំ បរិយាកាសអំណោយផល និងលទ្ធភាពចូលទៅកាន់ទីផ្សារធំទូលំទូលាយ ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ការជំរុញភាពជោគជ័យនៃគ្រប់ធុរកិច្ច និងដោយមានទីតាំងជាយុទ្ធសាស្ត្រនៅចំចំណុចស្នូលនៃតំបន់អាស៊ាន។
កម្ពុជា អាចតភ្ជាប់វិនិយោគិនទៅកាន់ទីផ្សារដ៏ទូលំទូលាយ ដោយរលូនតាមរយៈបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគី (FTAs) រួមមានតំបន់ពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ អាសិប (RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
កិច្ចព្រមព្រៀងទាំងនេះរួមជាមួយនឹងសមាជិកភាពរបស់ប្រទេសកម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) អនុញ្ញាតឱ្យមានការចូលទៅកាន់ទីផ្សារសកល ជាមួយការអនុគ្រោះ និងការផ្ដល់ជូនកាលានុវត្តភាពដ៏អស្ចារ្យសម្រាប់ធុរកិច្ចដែលមានទិសដៅបម្រើឱ្យការនាំចេញ។ កម្ពុជា ក៏បាននិងកំពុងវិនិយោគយ៉ាងសន្ធឹកសន្ធាប់ក្នុងការលើកកម្ពស់ការតភ្ជាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ដូចជាព្រែកជីកហ្វូណនតេជោ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលដឹកជញ្ជូនជាដើម។
លើសពីនេះ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជន ១.៥ពាន់លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយភាពបត់បែន នៅក្នុងទីផ្សារការងារ។ ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅដ៏ចម្បង ដែលជំរុញការអភិវឌ្ឍថាមពលប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថល ដើម្បីបើកឱកាសដ៏គួរឱ្យទាក់ទាញដែលមានស្រាប់ ជាពិសេសសម្រាប់ធុរកិច្ចផ្នែកបច្ចេកវិទ្យារបស់កូរ៉េ។
ធនធានកកើតឡើងវិញដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា រួមមានថាមពលព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងបច្ចេកវិទ្យាដទៃទៀត និងការជំរុញឆ្ពោះទៅរកឌីជីថលូបនីយកម្ម ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ចម្បង សម្រាប់ធុរកិច្ចកូរ៉េប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនូវស្វ័យប្រវត្តិកម្មជឿនលឿន មនុស្សយន្ត ការផលិតថាមពលវៃឆ្លាត និងការស្ដុកថាមពល។
មុននឹងបញ្ចប់ រាជរដ្ឋាភិបាលបានបង្កើតយន្តការប្រកបដោយភាពបុរេសកម្ម ដើម្បីធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ចដែលមានស្រាប់ និងធុរកិច្ចថ្មី តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលលើកឡើងដោយវិនិយោគិនជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាវិវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវអភិក្រម គិតរួមគ្នា ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា។
ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែដំបូង បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំបានដឹកនាំវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរកិច្ច និងវិនិយោគិន។ វិធានការកាត់បន្ថយច្បាស់លាស់ជាច្រើនត្រូវបានដាក់ចេញ ដើម្បីពង្រឹងបន្ថែម និងសម្រួលពាណិជ្ជកម្ម និងការសម្រាលបន្ទុកដល់វិស័យឯកជនក្នុងវិស័យអាទិភាពសំខាន់ៗដូចជា ទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អចលនទ្រព្យ ធនាគារ និងផ្សេងៗទៀត។
ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅព្រឹកនេះ ខ្ញុំបានជួបជាមួយលោកប្រធានាធិបតី Yoon។ ក្នុងជំនួបនោះ ការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាអាទិភាពចម្បងរបស់យើងហើយវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់។ ក្នុងករណីនេះ ខ្ញុំបានលើកឡើងគំនិតផ្ដួចផ្ដើមពីរដល់លោកប្រធានាធិបតី Yoon ។
គំនិតផ្តួចផ្តើមដំបូង គឺការបង្កើតយន្តការពិគ្រោះយោបល់ ដែលធុរកិច្ចកូរ៉េអាចជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារបស់យើងពីរដងក្នុងមួយឆ្នាំ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យធុរកិច្ចកូរ៉េមានឱកាសជួបផ្ទាល់ជាមួយស្ថាប័នរដ្ឋាភិបាលរបស់យើង ដែលទទួលខុសត្រូវលើការវិនិយោគ ចំនួនពីរដងក្នុងមួយឆ្នាំ។
យើងបានធ្វើវាជាមួយប្រទេសជប៉ុន ហើយយើងបានបង្កើតសហគមន៍ពាណិជ្ជកម្មនេះនៅអាមេរិក និងអឺរ៉ុប។ ឥឡូវនេះ យើងកំពុងបង្កើតនូវសហគមន៍ធុរកិច្ច និងការវិនិយោគរបស់កូរ៉េនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថាបញ្ហារបស់អ្នកត្រូវបានយកចិត្តទុកដាក់ និងរួមគ្នាស្វែងរកដំណោះស្រាយទាន់ពេលវេលា ព្រោះយើងយកចិត្តទុកដាក់លើអាជីវកម្មដែលមានស្រាប់នៅកម្ពុជា។ គំរូរបស់យើង គឺការពារអ្វីដែលមានស្រាប់ ខណៈពេលដែលទាក់ទាញអ្វីថ្មី។
ប្រសិនបើយើងមិនអាចការពារអាជីវកម្មដែលមានរួចហើយនៅក្នុងប្រទេសកម្ពុជា និងបង្កើតបរិយាកាសឱ្យពួកគេរីកចម្រើននោះ យើងមិនរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីនោះទេ។ នេះគឺជាការពិត។ ដូច្នេះ នេះជាអាទិភាពរបស់រដ្ឋាភិបាល។
គំនិតផ្តួចផ្តើមទីពីរដែលយើងបានស្នើទៅលោកប្រធានាធិបតី Yoon នៅព្រឹកនេះ គឺបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ។ នេះគឺជាគោលបំណងដើម្បីបង្កើតបរិយាកាសមួយដែលធុរកិច្ចកូរ៉េអាចបង្កើតប្រព័ន្ធអេកូឡូស៊ី ឬគំរូខ្សែសង្វាក់ផ្គត់ផ្គង់ ដែលរដ្ឋាភិបាលកម្ពុជាអាចជាដៃគូក្នុងការផ្តល់នូវដំណោះស្រាយដែលបង្កើតឡើងតាមតម្រូវការទាន់ពេលវេលាដល់សហគមន៍ធុរកិច្ចកូរ៉េ។ ដូច្នេះយើងសង្ឃឹមថាក្រុមការងាររវាងកូរ៉េ និងកម្ពុជាអាចត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះ។
ដូច្នេះយើងអាចពិភាក្សាលើគោលគំនិតនៃការឈានទៅមុខ។ នេះនឹងផ្តល់នូវវេទិកាដ៏ល្អមួយដើម្បីភ្ជាប់ប្រទេសកម្ពុជា និងកូរ៉េតាមរយៈវិស័យឯកជន ហើយយើងសង្ឃឹមថានឹងលើកកម្ពស់យុទ្ធសាស្រ្តកូរ៉េបូកមួយ។ យើងមានអាជីវកម្មនៅប្រទេសកូរ៉េ។ បើអ្នកចង់មានច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅបរទេស សូមចាត់ទុកប្រទេសកម្ពុជាជាទិសដៅមួយ។
ហើយតាមរយៈគំនិតផ្តួចផ្តើមទាំងពីរនេះ យើងសង្ឃឹមថា យើងស្វែងរកវិធីប្រកបដោយភាពច្នៃប្រឌិត និងឆ្លើយតបកាន់តែច្រើន ដើម្បីដោះស្រាយកង្វល់របស់អាជីវកម្មដែលមានស្រាប់ ខណៈពេលដែលផ្តល់ឱកាស និងគំរូក្នុងការបំពេញតម្រូវការអាជីវកម្មពីប្រទេសកូរ៉េនាពេលខាងមុខនេះ។
នេះជាអ្វីដែលជាការលើកទឹកចិត្ត និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់យើង ក្នុងការព្យាយាមកែលម្អភាពទាក់ទាញ និងសមស្របទៅនឹងតម្រូវការរបស់អ្នកនៅក្នុងប្រទេសកម្ពុជាសម្រាប់ធុរកិច្ចកូរ៉េ ហើយយើងសង្ឃឹមថាអ្នកឆ្លៀតយកឱកាសដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមថ្មីនេះ។
ដូច្នេះត្រូវចាត់ទុកខ្លួនឯងជាស្ពានភ្ជាប់រវាងកម្ពុជានិងកូរ៉េ។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ហើយយើងសង្ឃឹមថាអាជីវកម្មកាន់តែច្រើន និងវិស័យឯកជនកាន់តែច្រើនពីប្រទេសកូរ៉េ ស្វែងរកប្រទេសកម្ពុជាជាដៃគូដ៏ល្អសម្រាប់ដំណើររបស់អ្នកនេះ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនៅគ្រប់ដំណាក់កាល ដោយផ្តល់ការណែនាំ និងបង្ហាញផ្លូវឆ្ពោះទៅរកការបណ្តាក់ទុនរួមគ្នាប្រកបដោយជោគជ័យ។
កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានសមត្ថភាពជំរុញនវានុវត្តន៍ បង្កើតចំណងពាណិជ្ជកម្មប្រកបដោយជវភាព និងបង្កើតអនាគតកាន់តែរីកចម្រើនសម្រាប់ប្រជាជាតិយើងទាំងពីរ។
ជាចុងក្រោយ ខ្ញុំសូមជូនពរវេទិកានេះទទួលបានជោគជ័យ និងសូមជូនពរ ឯកឧត្តម លោកជំទាវ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ពេលនេះខ្ញុំសូមប្រកាសបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។
សូមអរគុណ៕